ម៉ាកុស 1:29-39

ម៉ាកុស 1:29-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម គេ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ ហើយ​យ៉ាកុប និង​យ៉ូហាន​ក៏​ទៅ​ជា​មួយ​ដែរ។ ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។ ល្ងាច​នោះ នៅ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌អង្គ។ អ្នក​ក្រុង​នោះ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។ ព្រឹក​ឡើង កាល​នៅ​ងងឹត​នៅ​ឡើយ ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​កាន់​ទី​ស្ងាត់ រួច​អធិស្ឋាន​នៅ​ទី​នោះ។ ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។ លុះ​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «មនុស្ស​គ្រប់​គ្នា​កំពុង​ស្វែង​រក​ព្រះ‌អង្គ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ចូរ​យើង​នាំ​គ្នា​ទៅ​ភូមិ​នានា​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ទី​នោះ​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។ ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:29-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ហើយ​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះអង្គ​ភ្លាម​ថា គាត់​ឈឺ។ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។ លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌យេស៊ូ។ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។ ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា​សះ‌ស្បើយ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះអង្គ។ ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះ‌យេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។ លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។ លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។ ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:29-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន នឹង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង លុះ​ទ្រង់​យាង​ចូល​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ​បំរើ​ទាំង​អស់​គ្នា ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ នឹង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា នឹង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។ កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ ឯ​ស៊ីម៉ូន នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ គេ​ក៏​ដើរ​តាម​រក​ទ្រង់ គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។

ចែក​រំលែក
អាន ម៉ាកុស 1