ម៉ាកុស 1:29-34

ម៉ាកុស 1:29-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម គេ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ ហើយ​យ៉ាកុប និង​យ៉ូហាន​ក៏​ទៅ​ជា​មួយ​ដែរ។ ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។ ល្ងាច​នោះ នៅ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌អង្គ។ អ្នក​ក្រុង​នោះ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:29-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ហើយ​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះអង្គ​ភ្លាម​ថា គាត់​ឈឺ។ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។ លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌យេស៊ូ។ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។ ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា​សះ‌ស្បើយ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:29-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន នឹង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង លុះ​ទ្រង់​យាង​ចូល​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ​បំរើ​ទាំង​អស់​គ្នា ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ នឹង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា នឹង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។

ចែក​រំលែក
អាន ម៉ាកុស 1