ម៉ាកុស 1:21-45

ម៉ាកុស 1:21-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ពួក​គេ ដូច​ជា​អ្នក​ដែល​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ។ ពេល​នោះ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ‌អាក្រក់​ចូល វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។ ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម! ហើយ​ចេញ​ពី​អ្នក​នេះ​ទៅ!» វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ទៅ។ គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។ ភ្លាមនោះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​ឮ​សុសសាយ​គ្រប់​ទី​កន្លែង ពាស​ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។ កាល​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម គេ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ ហើយ​យ៉ាកុប និង​យ៉ូហាន​ក៏​ទៅ​ជា​មួយ​ដែរ។ ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។ ល្ងាច​នោះ នៅ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌អង្គ។ អ្នក​ក្រុង​នោះ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។ ព្រឹក​ឡើង កាល​នៅ​ងងឹត​នៅ​ឡើយ ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​កាន់​ទី​ស្ងាត់ រួច​អធិស្ឋាន​នៅ​ទី​នោះ។ ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។ លុះ​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «មនុស្ស​គ្រប់​គ្នា​កំពុង​ស្វែង​រក​ព្រះ‌អង្គ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ចូរ​យើង​នាំ​គ្នា​ទៅ​ភូមិ​នានា​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ទី​នោះ​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។ ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។ មាន​បុរស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​ជា​ស្អាត​ចុះ!» ភ្លាមនោះ​រោគ​ឃ្លង់​ក៏​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ព្រះ‌អង្គ​ឲ្យ​គាត់​ចេញ​ទៅ​ភា្លម ទាំង​ហាម​ផ្តាច់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្វី​ដល់​អ្នក​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​តង្វាយ ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។ ប៉ុន្តែ គាត់​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា ហើយ​ដំណឹង​នោះ​ក៏​ឮ​សុស‌សាយ ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​ពុំ​អាច​យាង​ចូល​ទៅ​ក្នុង​ក្រុង​ជា​ចំហ​ទៀត​បាន​ឡើយ គឺ​ព្រះ‌អង្គ​គង់​នៅ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:21-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។ អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​អាចារ្យ*។ នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ* មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។ វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់‌ប្រកិន ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។ មនុស្ស‌ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។ ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ ពាស‌ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។ ព្រះ‌យេស៊ូ និង​សិស្ស*​នាំ​គ្នា​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ហើយ​លោក​អនទ្រេ លោក​យ៉ាកុប និង​លោក​យ៉ូហាន ក៏​ទៅ​ជា​មួយ​ដែរ។ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន សម្រាន្ដ​នៅ​លើ​គ្រែ។ ពេល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ គេ​ទូល​ព្រះអង្គ​ភ្លាម​ថា គាត់​ឈឺ។ ព្រះអង្គ​យាង​ចូល​ទៅ​ជិត ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង គាត់​ក៏​បាត់​គ្រុន ហើយ​បម្រើ​ភ្ញៀវ។ លុះ​ដល់​ល្ងាច ក្រោយ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌យេស៊ូ។ អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​មាត់​ទ្វារ​ក្រុង។ ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ជា​ច្រើន​នាក់ ដែល​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា​សះ‌ស្បើយ ហើយ​ព្រះអង្គ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ផង ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​និយាយ​ជា​ដាច់​ខាត ពី‌ព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះអង្គ។ ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ ព្រះ‌យេស៊ូ​តើន​ឡើង ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​អធិស្ឋាន*​នៅ​ទី​នោះ។ លោក​ស៊ីម៉ូន និង​អ្នក​ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​តាម​រក​ព្រះអង្គ។ លុះ​បាន​ជួប​ហើយ គេ​ទូល​ថា៖ «គេ​ខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ*​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក ដើម្បី​បំពេញ​ការ​នេះ​ឯង»។ ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គាត់ពន់‌ពេក​ណាស់ ព្រះអង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។ មនុស្ស​ឃ្លង់​ក៏​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។ បន្ទាប់​មក ព្រះ‌យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង ដូច​ពី​មុន​ទៀត​ឡើយ គឺ​ព្រះអង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទីក្រុង ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​គាល់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:21-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ពី​សេចក្ដី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ថា ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះ‌យេស៊ូវ​ពី​ភូមិ​ណា‌សារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ព្រះ‌យេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ កាល​អារក្ស‌អសោចិ៍​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្ដី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្ស‌អសោចិ៍ ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ នោះ​ព្រះ‌នាម​ទ្រង់​ក៏​ឮ​ល្បី​ខ្ចរ‌ខ្ចាយ​ជា​១​រំពេច​ទួទៅ ពេញ​ក្នុង​ក្រវល់​ជុំ‌វិញ​នៃ​ស្រុក​កាលី‌ឡេ។ កាល​បាន​ចេញ​ពី​សាលា​ប្រជុំ​មក ក៏​ដំរង់​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន នឹង​អនទ្រេ នាំ​ទាំង​យ៉ាកុប ហើយ​នឹង​យ៉ូហាន​ទៅ​ជា​មួយ ឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន នាង​កំពុង​តែ​ដេក​គ្រុន គេ​ក៏​ពិត​ទូល​ទ្រង់​ជា​១​រំពេច ពី​ដំណើរ​នាង លុះ​ទ្រង់​យាង​ចូល​ទៅ ក៏​ចាប់​ដៃ​នាង​លើក​ឡើង ស្រាប់​តែ​គ្រុន​បាត់​អស់​ទៅ រួច​នាង​ខ្វល់‌ខ្វាយ​បំរើ​ទាំង​អស់​គ្នា ដល់​ពេល​ល្ងាច ជា​ពេល​ថ្ងៃ​លិច​ហើយ គេ​នាំ​អស់​ទាំង​មនុស្ស​ជំងឺ នឹង​មនុស្ស​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ ឯ​ពួក​ក្រុង​នោះ​ទាំង​អស់ គេ​បាន​ប្រជុំ​គ្នា​នៅ​មាត់​ទ្វារ ទ្រង់​ក៏​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​ឈឺ​ផ្សេងៗ​ជា​ច្រើន ឲ្យ​បាន​ជា នឹង​ដេញ​អារក្ស​ជា​ច្រើន​ដែរ តែ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ពី​ព្រោះ​វា​ស្គាល់​ទ្រង់។ កាល​នៅ​ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ ឯ​ស៊ីម៉ូន នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ គេ​ក៏​ដើរ​តាម​រក​ទ្រង់ គ្រា​បាន​ឃើញ​ទ្រង់​ហើយ នោះ​ក៏​ទូល​ថា មនុស្ស​ទាំង​អស់​កំពុង​តែ​រក​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ចូរ​យើង​ទៅ​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ភូមិ​ទាំង​នោះ​ដែរ ដ្បិត​គឺ​ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។ គ្រា​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ លុះ​ទ្រង់​មាន​បន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត ទ្រង់​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម ដោយ​ហាម​ផ្តាច់​ថា ចូរ​ប្រយ័ត កុំ​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ប៉ុន្តែ ដល់​គាត់​បាន​ចេញ​ទៅ​ហើយ នោះ​ក៏​តាំង​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​តែ​ម្តង ហើយ​ផ្សាយ​ដំណឹង​នោះ​សុស‌សាយ​ទួទៅ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង បែប​ឲ្យ​គេ​ឃើញ​ពុំ​បាន​ទៀត គឺ​ទ្រង់​គង់​នៅ​តែ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់​ទាំង​ប៉ុន្មាន​វិញ ហើយ​គេ​ក៏​មក​ឯ​ទ្រង់​ពី​គ្រប់​ទិស‌ទី។

ចែក​រំលែក
អាន ម៉ាកុស 1