ម៉ាកុស 1:2-11
ម៉ាកុស 1:2-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចមានសេចក្ដីចែងទុកនៅក្នុងគម្ពីរហោរាអេសាយថា៖ «មើលយើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវឲ្យអ្នក។ មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។ លោកយ៉ូហាន ជាអ្នកធ្វើពិធីជ្រមុជទឹក បានលេចមកនៅទីរហោស្ថាន លោកប្រកាសប្រាប់ពីពិធីជ្រមុជខាងការប្រែចិត្ត ដើម្បីទទួលការអត់ទោសឲ្យរួចពីបាប។ មនុស្សមកពីគ្រប់ទីកន្លែងក្នុងស្រុកយូដា និងមនុស្សទាំងអស់នៅក្រុងយេរូសាឡិម បានចេញមករកលោក ដើម្បីទទួលពិធីជ្រមុជទឹកពីលោកក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបរបស់ខ្លួន។ លោកយ៉ូហានមានសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ មានខ្សែក្រវាត់ស្បែកនៅចង្កេះ ហើយលោកបរិភោគកណ្តូប និងទឹកឃ្មុំព្រៃ។ លោកប្រកាសថា៖ «ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនសមនឹងឱនស្រាយខ្សែសុពណ៌បាទព្រះអង្គផង។ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែព្រះអង្គវិញនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ»។ នៅគ្រានោះ ព្រះយេស៊ូវយាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ហើយបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។
ម៉ាកុស 1:2-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន ថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”» ។ ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក*នៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។ លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។ លោកប្រកាសប្រាប់បណ្ដាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*»។ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក*ពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។
ម៉ាកុស 1:2-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» «មានសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅទីរហោស្ថានថា ឲ្យរៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ»។ ឯយ៉ូហាន ជាអ្នកដែលធ្វើបុណ្យជ្រមុជទឹក នៅទីរហោស្ថាន ក៏មកដល់ គាត់ប្រកាសប្រាប់ ពីបុណ្យជ្រមុជខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ពួកមនុស្សនៅស្រុកយូដាទាំងអស់គ្នា នឹងពួកក្រុងយេរូសាឡិម ក៏ចេញទៅទទួលបុណ្យជ្រមុជទឹកពីគាត់ ក្នុងទន្លេយ័រដាន់ ទាំងលន់តួបាបគ្រប់គ្នា យ៉ូហានបានប្រដាប់ខ្លួន ដោយសំពត់ធ្វើពីរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏បរិភោគកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ គាត់ប្រកាសថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងឱនស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ឯខ្ញុំបានធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក តែទ្រង់នឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់