ម៉ាថាយ 5:1-43
ម៉ាថាយ 5:1-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវទតឃើញមហាជនទាំងនេះ ព្រះអង្គក៏យាងឡើងទៅលើភ្នំ កាលបានគង់ចុះហើយ ពួកសិស្សក៏ចូលមករកព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលបង្រៀនគេថា៖ «មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានកម្សាន្តចិត្ត។ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមត៌ក។ មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។ មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ។ មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។ «អ្នករាល់គ្នាជាអំបិលនៃផែនដី តែបើអំបិលបាត់ជាតិប្រៃហើយ តើធ្វើដូចម្តេចដើម្បីឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលទៅខាងក្រៅ ហើយត្រូវគេដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ «កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតរបស់ពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌បានឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។ ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។ «មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវធ្វើសំបុត្រលែងលះឲ្យនាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ «មួយទៀត អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំស្បថកុហកឲ្យសោះ ប៉ុន្តែ ត្រូវធ្វើតាមសម្បថ ដែលអ្នកបានស្បថនឹងព្រះអម្ចាស់" ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ក្តី ព្រោះស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះ ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។ កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬជាខ្មៅបានឡើយ ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។
ម៉ាថាយ 5:1-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះអង្គ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល*ហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យ នៃស្ថានបរមសុខ! អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត* អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឲ្យ ពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្តែងព្រះហឫទ័យ មេត្តាករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ* អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់! អ្នកណាត្រូវគេបៀតបៀន ព្រោះតែបានធ្វើតាមសេចក្ដីសុចរិត* អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យ នៃស្ថានបរមសុខ! ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការី*ដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឲ្យប្រៃឡើងវិញបាន? អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*»។ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់គម្ពីរវិន័យ ឬគម្ពីរព្យាការី*ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឲ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យ*ត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបទបញ្ជាតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឲ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេ ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រព្រឹត្តតាមបទបញ្ជាទាំងនេះ ហើយបង្រៀនអ្នកផ្សេងឲ្យប្រព្រឹត្តតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្ដីសុចរិត*របស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្ដីសុចរិតរបស់ពួកអាចារ្យ* និងពួកផារីស៊ី*ទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខឡើយ»។ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។ «មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឲ្យនាង” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា: “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឲ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ ត្រូវនិយាយឲ្យទៀងទាត់ បើ “មែន” ឲ្យប្រាកដជា “មែន” បើ “ទេ” ឲ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេតែម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ត្រូវវាយគេឲ្យបាក់ធ្មេញតែមួយដែរ” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឲ្យសោះ បើមានគេទះកំផ្លៀងស្ដាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ។ បើមានគេប្ដឹងចង់បានអាវក្នុងរបស់អ្នក ចូរឲ្យគេយកអាវធំថែមទៀតទៅ។ បើមានគេបង្ខំអ្នកឲ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ អ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយកុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។ «អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក”។
ម៉ាថាយ 5:1-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្តាករុណាវិញ មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្ដីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ។ អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបាន ជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។ កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ នឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្ដីទាំងអស់បានសំរេច ដោយសព្វគ្រប់ ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ នឹងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។ អ្នករាល់គ្នាបានឮសេចក្ដីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្ដីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំ រួចអ្នកត្រូវជាប់គុក ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វែះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។ មានសេចក្ដីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្ដី បើប្ដីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្ដីលែង ធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្ដីកំផិតដែរ។ មួយទៀត អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកឡើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្ដី ដែលស្បថនឹងព្រះអម្ចាស់» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃត្រឡប់ទៅជាសឬជាខ្មៅពុំបានទេ ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្ដីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ» ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ឡើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលថ្លែងទុកមកថា «ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ»