ពេលព្រះយេស៊ូវទតឃើញមហាជនទាំងនេះ ព្រះអង្គក៏យាងឡើងទៅលើភ្នំ កាលបានគង់ចុះហើយ ពួកសិស្សក៏ចូលមករកព្រះអង្គ។ ពេលនោះ ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលបង្រៀនគេថា៖ «មានពរហើយ អស់អ្នកដែលមាន សេចក្តីកម្សត់ខាងវិញ្ញាណ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានកម្សាន្តចិត្ត។ មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមត៌ក។ មានពរហើយ អស់អ្នកដែលស្រេកឃ្លានសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានព្រះហឫទ័យមេត្តាករុណាវិញ។ មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ។ មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។ មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់អ្នកទាំងនោះ។ អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ទាស់នឹងអ្នករាល់គ្នាដោយព្រោះខ្ញុំ។ ចូរអរសប្បាយ ហើយរីករាយឡើង ដ្បិតអ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះពួកហោរាដែលនៅមុនអ្នករាល់គ្នាក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។ «អ្នករាល់គ្នាជាអំបិលនៃផែនដី តែបើអំបិលបាត់ជាតិប្រៃហើយ តើធ្វើដូចម្តេចដើម្បីឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលទៅខាងក្រៅ ហើយត្រូវគេដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ «កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនលើសពីសេចក្តីសុចរិតរបស់ពួកអាចារ្យ និងពួកផារិស៊ីទេ នោះអ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌បានឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។ ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។ «មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវធ្វើសំបុត្រលែងលះឲ្យនាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ «មួយទៀត អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំស្បថកុហកឲ្យសោះ ប៉ុន្តែ ត្រូវធ្វើតាមសម្បថ ដែលអ្នកបានស្បថនឹងព្រះអម្ចាស់" ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ក្តី ព្រោះស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះ ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។ កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬជាខ្មៅបានឡើយ ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។
អាន ម៉ាថាយ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 5:1-43
21 Days
Start your new year with a focus on the spiritual discipline of fasting. This plan includes several passages about fasting and others that encourage reflection and closeness to God. For 21 days, you'll get a daily Bible reading, a brief devotional, reflection questions, and a prayer focus. For more content, check out www.finds.life.church.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ