ម៉ាថាយ 24:45-51
ម៉ាថាយ 24:45-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ តើអ្នកណាជាអ្នកបម្រើស្មោះត្រង់ហើយឈ្លាសវៃ ដែលចៅហ្វាយបានតាំងឲ្យមើលខុសត្រូវលើពួកផ្ទះរបស់លោក ដើម្បីចែកម្ហូបអាហារឲ្យគេបរិភោគតាមពេលត្រឹមត្រូវ? មានពរហើយ អ្នកបម្រើណាដែលកាលណាចៅហ្វាយរបស់ខ្លួនមកដល់ ឃើញកំពុងតែធ្វើដូច្នោះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះ ឲ្យមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោកទាំងអស់។ ប៉ុន្តែ បើអ្នកបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា ចៅហ្វាយរបស់ខ្ញុំក្រមកដល់ណាស់ ហើយចាប់ផ្ដើមវាយដំពួកអ្នកបម្រើដែលជាគូកនរបស់ខ្លួន ព្រមទាំងស៊ីផឹកជាមួយពួកមនុស្សប្រមឹក ចៅហ្វាយនឹងមកដល់ នៅថ្ងៃមួយដែលអ្នកបម្រើនោះមិនរង់ចាំ និងនៅវេលាមួយដែលគាត់មិនដឹង ចៅហ្វាយនឹងធ្វើទោសគាត់យ៉ាងធ្ងន់ ហើយឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ម៉ាថាយ 24:45-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យអ្នកបម្រើនោះមើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ពុំខាន។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ បើអ្នកបម្រើនោះមានចិត្តអាក្រក់ ហើយគិតថា “ម្ចាស់អញក្រមកដល់ណាស់” គាត់វាយអ្នកបម្រើឯទៀតៗ ព្រមទាំងទៅស៊ីផឹកជាមួយអ្នកប្រមឹក។ ពេលម្ចាស់វិលត្រឡប់មកផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
ម៉ាថាយ 24:45-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់ ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។