ម៉ាថាយ 24:36-39
ម៉ាថាយ 24:36-39 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប៉ុន្តែ ត្រង់ឯថ្ងៃ និងពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនដឹងដែរ មានតែព្រះវរបិតាមួយប៉ុណ្ណោះដែលជ្រាប។ ដ្បិតដូចសម័យរបស់លោកណូអេយ៉ាងណា ពេលកូនមនុស្សមកក៏នឹងកើតមានដូច្នោះដែរ។ ដ្បិតនៅសម័យមុនទឹកជំនន់នោះ គេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេមិនបានដឹងអ្វីសោះ រហូតទាល់តែទឹកជន់ឡើង ហើយយកគេទាំងអស់ទៅ។ ពេលកូនមនុស្សមក ក៏នឹងកើតមានដូច្នោះដែរ។
ម៉ាថាយ 24:36-39 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាមួយព្រះអង្គប៉ុណ្ណោះដែលជ្រាប។ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅសម័យលោកណូអេដែរ គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងទូកធំ។ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែទឹកជំនន់ឡើងមកដល់បំផ្លាញគេអស់ទៅ។ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏កើតមានដូច្នោះដែរ។
ម៉ាថាយ 24:36-39 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ