ម៉ាថាយ 24:27-30
ម៉ាថាយ 24:27-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។ សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។ «លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។
ម៉ាថាយ 24:27-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតបុត្រមនុស្ស*នឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីទិសខាងកើតទៅទិសខាងលិច។ សាកសពនៅទីណា ត្មាតក៏មកប្រមូលផ្ដុំគ្នានៅទីនោះដែរ »។ «លុះគ្រាមានទុក្ខវេទនានេះកន្លងផុតទៅ ភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ ពេលនោះ ទីសម្គាល់របស់បុត្រមនុស្ស*នឹងលេចចេញពីផ្ទៃមេឃមក។ កុលសម្ព័ន្ធ*ទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាយំគក់ទ្រូង គេនឹងឃើញ បុត្រមនុស្សយាងមកលើពពក*ក្នុងផ្ទៃមេឃ ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងដ៏អស្ចារ្យ។
ម៉ាថាយ 24:27-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។ ក្រោយសេចក្ដីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង