ម៉ាថាយ 24:1-8
ម៉ាថាយ 24:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គចូលមកជិត ហើយចង្អុលបង្ហាញអាគារផ្សេងៗក្នុងបរិវេណព្រះវិហារ ថ្វាយព្រះអង្គទត។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាឃើញរបស់អស់ទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ចូរប្រយ័ត្នកុំជ្រួលច្របល់ ដ្បិតការនេះត្រូវតែកើតឡើង តែមិនទាន់ដល់ចុងបញ្ចប់នៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ប៉ុន្តែ ការទាំងអស់នេះ ប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន។
ម៉ាថាយ 24:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ!»។ កាលព្រះយេស៊ូគង់នៅលើភ្នំដើមអូលីវ ពួកសិស្ស*នាំគ្នាចូលទៅគាល់ព្រះអង្គ ដាច់ឡែកពីគេ ហើយទូលថា៖ «សូមប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ដល់ពេលព្រះអង្គយាងមក និងដល់អវសានកាលនៃពិភពលោក?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំទៅប្រើ ដោយពោលថា: “ខ្ញុំនេះហើយជាព្រះគ្រិស្ត*”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នានឹងឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថា មានសង្គ្រាមផ្ទុះឡើងហើយ។ កុំជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែមិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ប៉ុន្តែ ហេតុការណ៍ទាំងនេះប្រៀបបានទៅនឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។
ម៉ាថាយ 24:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង អ្នករាល់គ្នានឹងឮនិយាយពីចំបាំង នឹងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ តែការទាំងនោះជាដើមចមនៃសេចក្ដីទុក្ខទេ