ម៉ាថាយ 24:1-3

ម៉ាថាយ 24:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ឃើញ​របស់​អស់​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?»

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះអង្គ​ទត។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។ កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះអង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​វត្ថុ​ទាំង​នេះ​ឬ​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម ដែល​មិន​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប

ចែក​រំលែក
អាន ម៉ាថាយ 24