ម៉ាថាយ 22:42-46
ម៉ាថាយ 22:42-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖ "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទារបស់ព្រះអង្គ"? ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:42-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺស្ដេចមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:42-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ ទ្រង់មានបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន ដោយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។