ម៉ាថាយ 22:29-32
ម៉ាថាយ 22:29-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។
ម៉ាថាយ 22:29-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថា: “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។
ម៉ាថាយ 22:29-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ តែត្រង់ឯសេចក្ដីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្ដី ដែលព្រះទ្រង់បានមានបន្ទូលនឹងអ្នករាល់គ្នាទេឬអី គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។