ម៉ាថាយ 22:23-40
ម៉ាថាយ 22:23-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖ «លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា "បើបុរសណាស្លាប់ទៅដោយគ្មានកូន ប្អូនប្រុសអ្នកនោះត្រូវរៀបការនឹងប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន " ឥឡូវនេះ ក្នុងចំណោមយើង មានបងប្អូនប្រាំពីរនាក់។ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរសុទ្ធតែស្លាប់ទៅទាំងគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ដូច្នេះ នៅគ្រារស់ឡើងវិញ ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នោះ តើនាងជាប្រពន្ធរបស់អ្នកណា? ដ្បិតគេសុទ្ធតែបានរៀបការនឹងនាងគ្រប់គ្នា»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។ កាលមហាជនឮដូច្នោះ គេក៏នឹកប្លែកក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះអង្គ។ ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
ម៉ាថាយ 22:23-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*មានប្រសាសន៍ថា: “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន” ។ ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថា: “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។ ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ* តើមានបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង” ។ បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។
ម៉ាថាយ 22:23-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ តែត្រង់ឯសេចក្ដីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្ដី ដែលព្រះទ្រង់បានមានបន្ទូលនឹងអ្នករាល់គ្នាទេឬអី គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។ ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្ដីដែលទ្រង់បង្រៀននោះ តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។