ម៉ាថាយ 22:23-33

ម៉ាថាយ 22:23-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ មាន​ពួក​សាឌូស៊ី​ដែល​ប្រកាស​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ចូល​មក​ជួប​ព្រះ‌អង្គ​ហើយ​ទូល​សួរ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "បើ​បុរស​ណា​ស្លាប់​ទៅ​ដោយ​គ្មាន​កូន ប្អូន​ប្រុស​អ្នក​នោះ​ត្រូវ​រៀបការ​នឹង​ប្រពន្ធ​របស់​បង ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន " ឥឡូវ​នេះ ក្នុង​ចំណោម​យើង មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់។ បង​បង្អស់​បាន​រៀបការ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ​សុទ្ធ​តែ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ ក្នុង​ចំណោម​បង‌ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នោះ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​គេ​សុទ្ធ​តែ​បាន​រៀបការ​នឹង​នាង​គ្រប់​គ្នា»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​បទ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌ដែរ។ ដ្បិត​នៅ​គ្រា​រស់​ឡើង​វិញ បុរស និង​ស្ត្រី​មិន​រៀបការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌។ រីឯ​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​សេចក្តី​ដែល​ព្រះ‌មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ទេ​ឬ​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ»។ កាល​មហា‌ជន​ឮ​ដូច្នោះ គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:23-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថា: “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន” ។ ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បងប្អូន​ប្រុស​ប្រាំ‌ពីរ​នាក់។ បង​បង្អស់​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ‌ពីរ សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​បាន​រៀបការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថា: “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ កាល​មហា‌ជន​បាន​ឮ​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។

ចែក​រំលែក
អាន ម៉ាថាយ 22

ម៉ាថាយ 22:23-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះ​ឯង ពួក​សាឌូស៊ី ដែល​គេ​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ​ទេ គេ​ក៏​មក​ឯ​ទ្រង់ ទូល​សាក‌សួរ​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ផ្តាំ​ថា «បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​ប្រពន្ធ​របស់​បង ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» រីឯ​នៅ​ក្នុង​ពួក​យើង​ខ្ញុំ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​គ្មាន​កូន​សោះ បាន​ទុក​ប្រពន្ធ​ឲ្យ​ប្អូន ប្អូន​បន្ទាប់​ក៏​ធ្វើ​ដូច​គ្នា រួច​ប្អូន​ទី​៣ ដរាប​ដល់​ប្អូន​ពៅ​បំផុត ក្រោយ​បង្អស់​មក ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា ក្នុង​បណ្តា​បង​ប្អូន​ទាំង​៧​នាក់​នោះ ដ្បិត​សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ ពី​ព្រោះ​មិន​យល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ​សោះ ដ្បិត​ដល់​គ្រា​រស់​ឡើង​វិញ នោះ​គេ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គឺ​បាន​ដូច​ជា​ទេវតា​នៃ​ព្រះ ដែល​នៅ​ស្ថាន‌សួគ៌​វិញ តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី ដែល​ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី គឺ​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ព្រះ‌អង្គ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ។ ឯ​បណ្តា​មនុស្ស​គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​ទ្រង់​បង្រៀន​នោះ

ចែក​រំលែក
អាន ម៉ាថាយ 22