ម៉ាថាយ 22:1-46
ម៉ាថាយ 22:1-46 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។ ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងពិធីមង្គលការនោះ ប៉ុន្តែ គេមិនព្រមមកទេ។ ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" ប៉ុន្តែ គេមិនយកចិត្តទុកដាក់ទេ ហើយក៏ចេញទៅ ម្នាក់ទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញ រីឯអ្នកដទៃទៀត ចាប់ពួករាជបម្រើទាំងនោះវាយធ្វើបាប ហើយសម្លាប់ពួកគេចោល។ ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា "ពិធីមង្គលការបានរៀបចំរួចហើយ តែពួកអ្នកដែលយើងបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ។ ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។ រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។ ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។" ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»។ បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។ ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ ពេលគេឮដូច្នេះ គេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីព្រះអង្គបាត់ទៅ។ នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖ «លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា "បើបុរសណាស្លាប់ទៅដោយគ្មានកូន ប្អូនប្រុសអ្នកនោះត្រូវរៀបការនឹងប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន " ឥឡូវនេះ ក្នុងចំណោមយើង មានបងប្អូនប្រាំពីរនាក់។ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរសុទ្ធតែស្លាប់ទៅទាំងគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ដូច្នេះ នៅគ្រារស់ឡើងវិញ ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នោះ តើនាងជាប្រពន្ធរបស់អ្នកណា? ដ្បិតគេសុទ្ធតែបានរៀបការនឹងនាងគ្រប់គ្នា»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។ កាលមហាជនឮដូច្នោះ គេក៏នឹកប្លែកក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះអង្គ។ ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។ កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖ "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទារបស់ព្រះអង្គ"? ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:1-46 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឲ្យទៅជម្រាបភ្ញៀវថា: “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា: “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ព្រះរាជាក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។ ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។ នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*មានប្រសាសន៍ថា: “បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន” ។ ឧបមាថា នៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធឲ្យប្អូន។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។ នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថា: “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។ កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀន គេងឿងឆ្ងល់ជាខ្លាំង។ ពេលនោះ ពួកខាងគណៈផារីស៊ី*ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើឲ្យពួកខាងគណៈសាឌូស៊ី*ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូ ក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «លោកគ្រូ! ក្នុងក្រឹត្យវិន័យ* តើមានបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង” ។ បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។ ពេលនោះ ពួកខាងគណៈផារីស៊ី*នៅជុំគ្នា ព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ទៅវិញដូច្នេះ គឺស្ដេចមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌហៅព្រះគ្រិស្តថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។ គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។
ម៉ាថាយ 22:1-46 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូច១ទៀតទៅគេថា នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែ អ្នកទាំងនោះមិនព្រមមកទេ ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសំឡាប់គោ នឹងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសំឡាប់ចោលទៅ កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់ រួចទ្រង់មានបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមានមនុស្សម្នាក់នៅទីនោះ ដែលមិនបានពាក់អាវផាយ ក៏មានបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។ កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្ដីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។ នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្ដីរស់ឡើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ ដូច្នេះ ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ តែត្រង់ឯសេចក្ដីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្ដី ដែលព្រះទ្រង់បានមានបន្ទូលនឹងអ្នករាល់គ្នាទេឬអី គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។ ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្ដីដែលទ្រង់បង្រៀននោះ តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ីបាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ហើយបញ្ញត្តទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។ កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅឡើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលសួរគេថា អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ ទ្រង់មានបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន ដោយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។