ម៉ាថាយ 2:1-4
ម៉ាថាយ 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យព្រះបាទហេរ៉ូឌ មានពួកហោរពីទិសខាងកើតធ្វើដំណើរមកក្រុងយេរូសាឡិម សួរថា៖ «តើបុត្រដែលបានប្រសូតមកជាស្តេចសាសន៍យូដាទ្រង់គង់នៅឯណា? ព្រោះយើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានព្រះហឫទ័យរន្ធត់ជាខ្លាំង ហើយពួកអ្នកដែលនៅជាមួយព្រះអង្គក្នុងក្រុងយេរូសាឡិមក៏រន្ធត់ចិត្តដែរ។ ក្រោយពីបានហៅពួកសង្គ្រាជ និងពួកអាចារ្យរបស់បណ្តាជនមកជួបជុំគ្នាហើយ ទ្រង់ក៏សាកសួរពួកគេពីកន្លែងដែលព្រះគ្រីស្ទប្រសូត។
ម៉ាថាយ 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលព្រះបាទហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា៖ «ព្រះមហាក្សត្ររបស់ជនជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះអង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទហេរ៉ូដឮដំណឹងនេះ ស្ដេចរន្ធត់ព្រះហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូសាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយស្ដេចដែរ។ ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ត*ត្រូវប្រសូត។
ម៉ាថាយ 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា