ម៉ាថាយ 17:14-21

ម៉ាថាយ 17:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​បាន​មក​ដល់​បណ្ដា‌ជន​វិញ មាន​បុរស​ម្នាក់​ចូល​មក​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ប្រុស​របស់​ទូល‌បង្គំ​ផង ដ្បិត​វា​ឆ្កួត​ជ្រូក ហើយ​វេទនា​ខ្លាំង​ណាស់។ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ទៅ​ក្នុង​ទឹក​ជា​ញឹក‌ញាប់។ ទូល‌បង្គំ​បាន​នាំ​វា​មក​ជួប​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ដែរ តែ​គេ​ពុំ​អាច​មើល​ឲ្យ​ជា​បាន​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។ ពេល​នោះ ពួក​សិស្ស​មក​ជិត​ព្រះ‌យេស៊ូវ​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ទី​នោះ​ទៅ!" នោះ​វា​នឹង​រើ​ចេញ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ឡើយ។ [តែ​អារក្ស​ប្រភេទ​នេះ អាច​ដេញ​វា​ចេញ​បាន ដោយ​ការ​អធិស្ឋាន និង​តម​អាហារ]»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ និង​សិស្ស*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ។ គាត់​លុត​ជង្គង់​ចុះ ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក ជា​ញឹក​ញាប់។ ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​ទេ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​អារក្ស អារក្ស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។ ពេល​នោះ ពួក​សិស្ស​ចូល​មក​គាល់​ព្រះ‌យេស៊ូ ដាច់​ឡែក​ពី​គេ ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ [គេ​អាច​ដេញ​អារក្ស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន* និង​តម​អាហារ]»។

ចែក​រំលែក
អាន ម៉ាថាយ 17

ម៉ាថាយ 17:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​មក​ដល់​ហ្វូង​មនុស្ស​ហើយ នោះ​មាន​ម្នាក់​មក​លុត​ជង្គង់ ក្រាប​នៅ​ចំពោះ​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ទូលបង្គំ ដែល​ឆ្កួត​ជ្រូក​ផង វា​វេទនា​ណាស់ ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង នឹង​ក្នុង​ទឹក​ជា​ញយៗ ទូលបង្គំ​បាន​នាំ​វា​មក​ឯ​ពួក​សិស្ស​ទ្រង់​ដែរ តែ​គេ​មើល​មិន​ជា​សោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឱ​ដំណ​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់​គ្នា​ដល់​កាល​ណា​ទៀត ចូរ​នាំ​វា​មក​ឯ​ខ្ញុំ​ឯ​ណេះ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្ទោស​ដល់​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​មក។ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ដោយ‌ឡែក ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ដេញ​អារក្ស​នោះ​មិន​បាន ទ្រង់​មាន​បន្ទូល​តប​ថា គឺ​ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​តិច​ពេក​ប៉ុណ្ណោះ ដ្បិត​ខ្ញុំ​ប្រាប់​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ ដូច​គ្រាប់​ពូជ​១​យ៉ាង​ល្អិត នោះ​អ្នក​រាល់​គ្នា​អាច​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ចូរ​រើ​ចេញ​ពី​ទី​នេះ​ទៅ​នៅ​ទី​នោះ​ចុះ នោះ​នឹង​បាន​ដូច្នោះ​ហើយ ក៏​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ទេ តែ​អារក្ស​បែប​យ៉ាង​នេះ វា​ចេញ​ទៅ​ដោយ‌សារ​តែ​អធិស្ឋាន ហើយ​នឹង​តម​អត់​ប៉ុណ្ណោះ។

ចែក​រំលែក
អាន ម៉ាថាយ 17