ម៉ាថាយ 17

17
សិរី‌ល្អ​របស់​ព្រះ‌យេស៊ូវ
(ម៉ាកុស ៩.២-៨ លូកា ៩.២៨-៣៦)
1ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូវ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ទៅ​ជា​មួយ​ព្រះ‌អង្គ ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​មួយ​ខ្ពស់​ដាច់​ឡែក​ពី​គេ។ 2ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ចាំង​ភ្លឺ​ដូច​ថ្ងៃ ហើយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ។ 3រំពេច​នោះ គេ​ឃើញ​លោក​ម៉ូសេ និង​លោក​អេលីយ៉ា លេច​មក កំពុង​តែ​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។ 4ពេត្រុស​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់ ល្អ​ណាស់​ដែល​យើង​ខ្ញុំ​បាន​នៅ​ទី​នេះ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​ធ្វើ​ត្រសាល​បី​នៅ​ទី​នេះ គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ ហើយ​មួយ​សម្រាប់​លោក​អេលីយ៉ា»។ 5កាល​លោក​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​មួយ​ផ្ទាំង​ដ៏​ភ្លឺ​មក​គ្រប​បាំង​ពួក​គេ ហើយ​មាន​សំឡេង​មួយ​ចេញ​ពី​ពពក​នោះ​ថា៖ «នេះ​ជា​កូន​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្តាប់​ព្រះ‌អង្គ​ចុះ!» 6ពេល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ក៏​ក្រាប​ចុះ​មុខ​ដល់​ដី ទាំង​តក់‌ស្លុត​ជា​ខ្លាំង។ 7ប៉ុន្តែ ព្រះ‌យេស៊ូវ​យាង​ទៅ​ជិត ហើយ​ពាល់​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ 8កាល​គេ​ងើប​មុខ​ឡើង គេ​មិន​ឃើញ​អ្នក​ណា​សោះ ឃើញ​តែ​ព្រះ‌យេស៊ូវ​មួយ​ព្រះ‌អង្គ​ឯង​ប៉ុណ្ណោះ។
9ពេល​គេ​កំពុង​តែ​ចុះ​ពី​ភ្នំ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ហាម​គេ​ថា៖ «កុំ​ប្រាប់​ពី​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​នេះ​ដល់​អ្នក​ណា​ឲ្យ​សោះ រហូត​ដល់​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ»។ 10ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា លោក​អេលីយ៉ា​ត្រូវ​មក​មុន​ដូច្នេះ?» 11ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​អេលីយ៉ា​មក​មែន ដើម្បី​តាំង​ការ​ទាំង​អស់​ឡើង​វិញ 12ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​អេលីយ៉ា​បាន​មក​ហើយ តែ​គេ​មិន​បាន​ស្គាល់​លោក​ទេ គេ​ប្រព្រឹត្ត​នឹង​លោក​តាម​តែ​អំពើ​ចិត្ត​របស់​គេ។ កូន​មនុស្ស​ក៏​នឹង​ត្រូវ​រង​ទុក្ខ​ដោយ‌សារ​ដៃ​របស់​គេ​ដូច្នោះ​ដែរ»។ 13ពេល​នោះ ពួក​សិស្ស​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​លោក​យ៉ូហាន-បាទីស្ទ។
ព្រះ‌យេស៊ូវ​ដេញ​អារក្ស​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាកុស ៩.១៤-២៧ លូកា ៩.៣៧-៤៣)
14ពេល​គេ​បាន​មក​ដល់​បណ្ដា‌ជន​វិញ មាន​បុរស​ម្នាក់​ចូល​មក​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌អង្គ​ទូល​ថា៖ 15«ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ប្រុស​របស់​ទូល‌បង្គំ​ផង ដ្បិត​វា​ឆ្កួត​ជ្រូក ហើយ​វេទនា​ខ្លាំង​ណាស់។ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ទៅ​ក្នុង​ទឹក​ជា​ញឹក‌ញាប់។ 16ទូល‌បង្គំ​បាន​នាំ​វា​មក​ជួប​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ដែរ តែ​គេ​ពុំ​អាច​មើល​ឲ្យ​ជា​បាន​ទេ»។ 17ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 18ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។
19ពេល​នោះ ពួក​សិស្ស​មក​ជិត​ព្រះ‌យេស៊ូវ​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?» 20ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ទី​នោះ​ទៅ!" នោះ​វា​នឹង​រើ​ចេញ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ឡើយ។ 21[តែ​អារក្ស​ប្រភេទ​នេះ អាច​ដេញ​វា​ចេញ​បាន ដោយ​ការ​អធិស្ឋាន និង​តម​អាហារ]»។
ព្រះ‌យេស៊ូវ​ប្រកាស​ម្តង​ទៀត​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ។
(ម៉ាកុស ៩.៣០-៣២ លូកា ៩.៤៣-៤៥)
22កាល​ពួក​សិស្ស​កំពុង​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលីឡេ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​ដៃ​របស់​មនុស្ស 23គេ​នឹង​សម្លាប់​លោក ហើយ​នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់​ឡើង​វិញ»។ ពេល​នោះ ពួក​សិស្ស​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ព្រះ‌យេស៊ូវ និង​ការ​បង់​ពន្ធ
24កាល​ពួក​គេ​មក​ដល់​ក្រុង​កាពើណិម ពួក​អ្នក​ទារ​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ចូល​មក​សួរ​ពេត្រុស​ថា៖ «តើ​គ្រូ​របស់​អ្នក​មិន​បង់​ពន្ធ​ព្រះ‌វិហារ​ទេ​ឬ?» 25លោក​ឆ្លើយ​ថា៖ «បាទ លោក​បង់!» កាល​ពេត្រុស​បាន​មក​ដល់​ផ្ទះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​នេះ​ជា​មុន ដោយ​សួរ​ថា៖ «ស៊ីម៉ូន តើ​អ្នក​យល់​យ៉ាង​ណា? តើ​ស្តេច​នៅ​លើ​ផែនដី ហូត​ពន្ធ ឬ​សួយ‌សារ‌អាករ​ពី​អ្នក​ណា? ពី​កូន​ចៅ​របស់​ខ្លួន ឬ​ពី​អ្នក​ដទៃ?» 26ហើយ​ពេល​ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ពី​អ្នក​ដទៃ» ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ដូច្នេះ កូន​ចៅ​បាន​រួច​ហើយ។ 27ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​គេ​ទាស់​ចិត្ត​ដោយ‌សារ​យើង ចូរ​ទៅ​សមុទ្រ ហើយ​បោះ​សន្ទូច ចាប់​យក​ត្រី​ដំបូង​ដែល​ជាប់​សន្ទូច មក​បើក​មាត់​វា នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​សម្រាប់​ខ្ញុំ និង​អ្នក​ទៅ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ