ម៉ាថាយ 17:1-20
ម៉ាថាយ 17:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវយកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយព្រះអង្គ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គបានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្ររបស់ព្រះអង្គចាំងភ្លឺដូចថ្ងៃ ហើយព្រះពស្ត្រព្រះអង្គត្រឡប់ជាសដូចពន្លឺ។ រំពេចនោះ គេឃើញលោកម៉ូសេ និងលោកអេលីយ៉ា លេចមក កំពុងតែសន្ទនាជាមួយព្រះអង្គ។ ពេត្រុសទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់ ល្អណាស់ដែលយើងខ្ញុំបាននៅទីនេះ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងធ្វើត្រសាលបីនៅទីនេះ គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ ហើយមួយសម្រាប់លោកអេលីយ៉ា»។ កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!» ពេលពួកសិស្សឮដូច្នោះ គេក៏ក្រាបចុះមុខដល់ដី ទាំងតក់ស្លុតជាខ្លាំង។ ប៉ុន្តែ ព្រះយេស៊ូវយាងទៅជិត ហើយពាល់គេ ទាំងមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង កុំខ្លាចអី!»។ កាលគេងើបមុខឡើង គេមិនឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវមួយព្រះអង្គឯងប៉ុណ្ណោះ។ ពេលគេកំពុងតែចុះពីភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលហាមគេថា៖ «កុំប្រាប់ពីហេតុការណ៍ដែលអ្នកបានឃើញនេះដល់អ្នកណាឲ្យសោះ រហូតដល់កូនមនុស្សបានរស់ពីស្លាប់ឡើងវិញ»។ ពួកសិស្សទូលសួរព្រះអង្គថា៖ «ចុះហេតុអ្វីបានជាពួកអាចារ្យនិយាយថា លោកអេលីយ៉ាត្រូវមកមុនដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលតបថា៖ «លោកអេលីយ៉ាមកមែន ដើម្បីតាំងការទាំងអស់ឡើងវិញ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ តែគេមិនបានស្គាល់លោកទេ គេប្រព្រឹត្តនឹងលោកតាមតែអំពើចិត្តរបស់គេ។ កូនមនុស្សក៏នឹងត្រូវរងទុក្ខដោយសារដៃរបស់គេដូច្នោះដែរ»។ ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហាន-បាទីស្ទ។ ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមទ្រង់ប្រោសមេត្តាដល់កូនប្រុសរបស់ទូលបង្គំផង ដ្បិតវាឆ្កួតជ្រូក ហើយវេទនាខ្លាំងណាស់។ វាដួលទៅក្នុងភ្លើង និងទៅក្នុងទឹកជាញឹកញាប់។ ទូលបង្គំបាននាំវាមកជួបពួកសិស្សរបស់ព្រះអង្គដែរ តែគេពុំអាចមើលឲ្យជាបានទេ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ឱជំនាន់មនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ! តើត្រូវឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នាដល់ពេលណា? តើត្រូវឲ្យខ្ញុំទ្រាំជាមួយអ្នករាល់គ្នាដល់ពេលណា? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ ព្រះយេស៊ូវបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាភ្លាមមួយរំពេច។ ពេលនោះ ពួកសិស្សមកជិតព្រះយេស៊ូវដោយឡែក ហើយទូលសួរថា៖ «ហេតុអ្វីបានជាយើងខ្ញុំ ពុំអាចដេញអារក្សនោះបាន?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជម៉្យាងដ៏ល្អិត នោះអ្នករាល់គ្នានឹងនិយាយទៅកាន់ភ្នំនេះថា "ចូររើចេញពីទីនេះ ទៅទីនោះទៅ!" នោះវានឹងរើចេញ ហើយគ្មានអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះឡើយ។
ម៉ាថាយ 17:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសិស្ស*ទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ សិស្សទាំងបីបានឃើញលោកម៉ូសេ* និងព្យាការី*អេលីយ៉ាសន្ទនាជាមួយព្រះយេស៊ូ។ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក*ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ព្រះហឫទ័យនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ!»។ ពួកសិស្សឮដូច្នោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ កាលពួកសិស្សងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសិស្ស*ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស*មានជីវិតរស់ឡើងវិញ»។ ពួកសិស្ស*ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យ*ចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ពេលនោះ ពួកសិស្សយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ*។ កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។ ខ្ញុំប្របាទបាននាំវាមកជួបសិស្សរបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមអារក្ស អារក្សក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ ពេលនោះ ពួកសិស្សចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអារក្សនោះបាន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។
ម៉ាថាយ 17:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាសដូចពន្លឺ នោះឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់ ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សំរាប់ទ្រង់ ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។ កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាមគេថា កុំឲ្យប្រាប់អ្នកណាពីការជាក់ស្តែងនេះឲ្យសោះ ទាល់តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ នោះពួកសិស្សក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេ។ កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផង វាវេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង នឹងក្នុងទឹកជាញយៗ ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរ តែគេមើលមិនជាសោះ ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំឯណេះ នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជា ចាប់តាំងពីវេលានោះមក។ នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំដេញអារក្សនោះមិនបាន ទ្រង់មានបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្ដីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្ដីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះទៅនៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ