ម៉ាថាយ 14:1-12
ម៉ាថាយ 14:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះបាទហេរ៉ូឌ ជាស្តេចអនុរាជ បានឮដំណឹងអំពីព្រះយេស៊ូវ ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ ព្រោះលោកយ៉ូហានបានទូលប្រាប់ស្តេចថា៖ «ទ្រង់គ្មានច្បាប់នឹងយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ព្រះបាទហេរ៉ូឌចង់សម្លាប់លោក តែទ្រង់ខ្លាចបណ្ដាជន ព្រោះគេចាត់ទុកលោកជាហោរា។ លុះថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌមកដល់ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តជាខ្លាំង រហូតដល់ស្តេចបានសន្យាស្បថស្បែថា នឹងប្រទានអ្វីក៏ដោយឲ្យតែនាងសូម។ នាងបានទូលទៅស្ដេច តាមពាក្យបញ្ចេះពីមាតារបស់នាងថា៖ «សូមទ្រង់ប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ»។ ស្តេចព្រួយព្រះហឫទ័យ តែដោយព្រោះសម្បថ និងពួកភ្ញៀវ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមសំណូមរបស់នាង ដោយចាត់គេឲ្យទៅកាត់ក្បាលលោកយ៉ូហាននៅក្នុងគុក ហើយយកក្បាលរបស់លោកដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា។ ពួកសិស្សរបស់លោកយ៉ូហានបាននាំគ្នាមកយកសពទៅបញ្ចុះ ហើយក៏យកដំណឹងនេះទៅទូលថ្វាយព្រះយេស៊ូវ។
ម៉ាថាយ 14:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* បានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ស្ដេចមានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមពាក្យព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ* ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែស្ដេចខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តយ៉ាងខ្លាំង រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។ នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមព្រះករុណាប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះស្ដេចបានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ស្ដេចក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឲ្យទៅកាត់កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
ម៉ាថាយ 14:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ ទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់ ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់ បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។