ម៉ាថាយ 14:1-12

ម៉ាថាយ 14:1-12 គកស១៦

នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​ដំណឹង​អំពី​ព្រះ‌យេស៊ូវ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «នេះ​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។ ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​ព្រះ‌នាង​ហេរ៉ូឌាស មហេសី​របស់​ភីលីព ជា​អនុជ ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្តេច​ថា៖ «ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។ ព្រះ‌បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​គេ​ចាត់​ទុក​លោក​ជា​ហោរា។ លុះ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ​មក​ដល់ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​ជា​ខ្លាំង រហូត​ដល់​ស្តេច​បាន​សន្យា​ស្បថ‌ស្បែ​ថា នឹង​ប្រទាន​អ្វី​ក៏​ដោយ​ឲ្យ​តែ​នាង​សូម។ នាង​បាន​ទូល​ទៅ​ស្ដេច តាម​ពាក្យ​បញ្ចេះ​ពី​មាតា​របស់​នាង​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»។ ស្តេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ និង​ពួក​ភ្ញៀវ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​សំណូម​របស់​នាង ដោយ​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​លោក​យ៉ូហាន​នៅ​ក្នុង​គុក ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។ ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​នាំ​គ្នា​មក​យក​សព​ទៅ​បញ្ចុះ ហើយ​ក៏​យក​ដំណឹង​នេះ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេស៊ូវ។

អាន ម៉ាថាយ 14