ម៉ាថាយ 13:36-43

ម៉ាថាយ 13:36-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​ព្រោះ​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស ស្រែ គឺ​ពិភព​លោក ហើយ​ពូជ​ល្អ គឺ​ជា​ពួក​កូន​របស់​ព្រះរាជ្យ ឯ​ស្រងែ គឺ​ជា​ពួក​កូន​របស់​អា​កំណាច សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។ ដូច្នេះ គេ​ច្រូត​ស្រងែ ហើយ​យក​ទៅ​ដុត​ចោល​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​មក ហើយ​ទេវតា​ទាំង​នោះ​នឹង​ប្រមូល​អស់​អ្នក ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពី​ទុច្ចរិត ចេញ​ពី​នគរ​របស់​លោក ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ពេល​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​របស់​គេ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:36-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ​គឺ​បុត្រ​មនុស្ស* ស្រែ​គឺ​ពិភព​លោក គ្រាប់​ពូជ​ល្អ​គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ​គឺ​កូន​ចៅ​របស់​មារ*​កំណាច។ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:36-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទ្រង់​ក៏​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ផ្ទះ ឯ​ពួក​សិស្ស​មក​ទូល​ទ្រង់​ថា សូម​អធិប្បាយ​ឲ្យ​យើង​ខ្ញុំ​យល់​ន័យ​ពាក្យ​ប្រៀប ពី​ស្មៅ​ស្រងែ​នៅ​ស្រែ​ផង ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ចំណែក​ស្រែ នោះ​គឺ​ជា​តួ​លោកីយ ឯ​ពូជ​ល្អ គឺ​អស់​ទាំង​មនុស្ស​របស់​នគរ​ស្ថាន‌សួគ៌ ហើយ​ស្រងែ គឺ​ជា​អស់​ទាំង​មនុស្ស​របស់​អា​កំណាច​វិញ ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា ដូច្នេះ ដែល​គេ​ច្រូត​ស្រងែ​ដុត​បន្សុស​ក្នុង​ភ្លើង​ជា​យ៉ាង​ណា នោះ​ដល់​បំផុត​កល្ប​ក៏​នឹង​បាន​ដូច្នោះ​ដែរ គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា ទៅ​ច្រូត​យក​អស់​ទាំង​ក្បួន ដែល​នាំ​ឲ្យ​មនុស្ស​រវាត​ចិត្ត នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទទឹង​ច្បាប់ ពី​នគរ​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ គ្រា​នោះ ពួក​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​នគរ​របស់​ព្រះវរ‌បិតា​នៃ​គេ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

ចែក​រំលែក
អាន ម៉ាថាយ 13