ម៉ាថាយ 12:1-14
ម៉ាថាយ 12:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានោះ ព្រះយេស៊ូវយាងកាត់ស្រែនៅថ្ងៃសប្ប័ទ ពួកសិស្សរបស់ព្រះអង្គឃ្លាន ហើយគេចាប់ផ្ដើមបូតគួរស្រូវបរិភោគ។ ពេលពួកផារិស៊ីឃើញ គេទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទ!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយបានឃ្លានទេឬ? ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនបានអានគម្ពីរក្រឹត្យវិន័យដែលថា នៅថ្ងៃសប្ប័ទ ពួកសង្ឃនៅក្នុងព្រះវិហារប្រព្រឹត្តរំលងច្បាប់ថ្ងៃសប្ប័ទ តែគ្មានទោសទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់វិសេសជាងព្រះវិហារទៅទៀត ប៉ុន្តែ បើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្តីដែលចែងថា "យើងចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ" នោះអ្នករាល់គ្នាមិនបន្ទោសពួកអ្នកដែលគ្មានទោសឡើយ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះអង្គយាងចេញពីទីនោះ ហើយចូលទៅក្នុងសាលាប្រជុំរបស់គេ។ មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់រណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនចាប់ស្រង់វាចេញពីរណ្ដៅទេឬ? ចុះមនុស្សវិញ តើមានតម្លៃលើសជាងចៀមមួយក្បាលអម្បាលម៉ានទៅទៀត? ដូច្នេះ មានច្បាប់នឹងធ្វើការល្អនៅថ្ងៃសប្ប័ទបាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។ ពេលនោះ ពួកផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នារកហេតុនឹងធ្វើគុតព្រះអង្គ។
ម៉ាថាយ 12:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះអង្គឃ្លានពេកក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នោះ ទូលព្រះអង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ!»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ? ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យដែលបំពេញមុខងារនៅក្នុងព្រះវិហារ* សុទ្ធតែរំលោភលើក្រឹត្យវិន័យថ្ងៃសប្ប័ទ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគម្ពីរវិន័យនោះទេ? ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ ដ្បិតបុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*»។ ព្រះយេស៊ូចាកចេញពីទីនោះ យាងចូលទៅក្នុងសាលាប្រជុំ*របស់គេ។ មានបុរសស្វិតដៃម្នាក់នៅក្នុងសាលាប្រជុំនោះដែរ។ គេនាំគ្នាទូលសួរព្រះអង្គថា៖ «នៅថ្ងៃសប្ប័ទ* តើយើងមានសិទ្ធិប្រោសអ្នកជំងឺឲ្យជាឬទេ?»។ គេសួរដូច្នេះ ក្នុងគោលបំណងរកលេសដើម្បីចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើនរណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់អណ្ដូងនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនទៅស្រង់យកចៀមឡើងមកវិញទេឬ? រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃសប្ប័ទ»។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត។ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។
ម៉ាថាយ 12:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ព្រះយេស៊ូវទ្រង់យាងកាត់ស្រែ នៅថ្ងៃឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ ពួកផារិស៊ីក៏ឃើញ ហើយគេទូលទ្រង់ថា មើលន៏ សិស្សលោកធ្វើអំពើ ដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកហើយ តែទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអី គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំបុ័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាក នោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត បើអ្នករាល់គ្នាបានយល់ន័យសេចក្ដីដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាក់ដែរ។ ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នា មានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ រួចទ្រង់មានបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។ កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស