ម៉ាថាយ 12:1-14

ម៉ាថាយ 12:1-14 គកស១៦

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ​បរិ‌ភោគ។ ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ? ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ​ដែល​ថា នៅ​ថ្ងៃ​សប្ប័ទ ពួក​សង្ឃ​នៅ​ក្នុង​ព្រះ‌វិហារ​ប្រព្រឹត្ត​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ តែ​គ្មាន​ទោស​ទេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្តី​ដែល​ចែង​ថា "យើង​ចង់​បាន​សេចក្តី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ" នោះ​អ្នក​រាល់​គ្នា​មិន​បន្ទោស​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។ ព្រះ‌អង្គ​យាង​ចេញ​ពី​ទី​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ចាប់​ស្រង់​វា​ចេញ​ពី​រណ្ដៅ​ទេ​ឬ? ចុះ​មនុស្ស​វិញ តើ​មាន​តម្លៃ​លើស​ជាង​ចៀម​មួយ​ក្បាល​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា ដូច​ដៃ​ម្ខាង​ទៀត។ ពេល​នោះ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ។

អាន ម៉ាថាយ 12