ម៉ាថាយ 11:18-30
ម៉ាថាយ 11:18-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតលោកយ៉ូហាន-បាទីស្ទបានមក មិនបរិភោគ ក៏មិនផឹក តែគេថា "លោកមានអារក្សចូល" ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។ បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។ «វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។ រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។ នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យបែបនេះ។ ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ម៉ាថាយ 11:18-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យ៉ាងណាមិញ លោកយ៉ូហានបានមក លោកតមអាហារ តមសុរា តែគេថាលោកមានអារក្សចូល រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែគេថា “មើលចុះ! អ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ប៉ុន្តែ មនុស្សលោកទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន ដោយគេបានឃើញកិច្ចការដែលព្រះអង្គធ្វើ»។ ពេលនោះ ព្រះអង្គចាប់ផ្ដើមស្ដីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបានឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិតសោះ៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាពើណិមអើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យ ដែលកើតមាននៅកណ្ដាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្ស ដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្តែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឲ្យស្គាល់នោះដែរ»។ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
ម៉ាថាយ 11:18-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយ៉ូហានបានមកមិនស៊ីមិនផឹកសោះ តែគេថា គាត់មានអារក្សចូល ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើល នេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ នឹងមនុស្សមានបាប ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលបង្កើត។ នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានបន្ទូលថា វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផេះផង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។ នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។ អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។