ដ្បិតលោកយ៉ូហាន-បាទីស្ទបានមក មិនបរិភោគ ក៏មិនផឹក តែគេថា "លោកមានអារក្សចូល" ឯកូនមនុស្ស បានមកទាំងបរិភោគ ទាំងផឹក តែគេថា "មើលចុះ! អ្នកនេះជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក ជាសម្លាញ់របស់ពួកអ្នកទារពន្ធ និងមនុស្សបាប!" ប៉ុន្តែ ប្រាជ្ញាបានរាប់ជាត្រូវ ដោយផលដែលខ្លួនបង្កើត»។ បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។ «វេទនាដល់ឯងហើយ ក្រុងខូរ៉ាស៊ីនអើយ! វេទនាដល់ឯងហើយ ក្រុងបេតសៃដាអើយ! ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងទីរ៉ុស និងក្រុងស៊ីដូនវិញ ម៉្លេះសមគេប្រែចិត្តតាំងពីយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយបាចផេះទៀតផង ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងងាយទ្រាំជាជាងឯងរាល់គ្នាវិញ។ រីឯឯង ក្រុងកាពើណិមអើយ! តើឯងចង់លើកតម្កើងខ្លួនដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទាញទម្លាក់ដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ព្រោះបើការអស្ចារ្យដែលបានធ្វើនៅកណ្ដាលឯង បានធ្វើនៅក្រុងសូដុមវិញ ម៉្លេះសមក្រុងនោះនឹងបានគង់វង្សរហូតដល់ថ្ងៃនេះមិនខាន។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុមនឹងងាយទ្រាំជាជាងឯងវិញ»។ នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។ មែនហើយ ព្រះវរបិតាអើយ! ដ្បិតព្រះអង្គសព្វព្រះហឫទ័យបែបនេះ។ ព្រះវរបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រា ក្រៅពីព្រះវរបិតាឡើយ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកដែលព្រះរាជបុត្រាសព្វព្រះហឫទ័យនឹងបើកសម្តែងឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
អាន ម៉ាថាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 11:18-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ