លូកា 23:27-43
លូកា 23:27-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង។ ព្រះយេស៊ូវងាកបែរទៅ មានព្រះបន្ទូលទៅពួកស្ត្រីទាំងនោះថា៖ «កូនស្រីក្រុងយេរូសាឡិមអើយ កុំយំអាណិតខ្ញុំអី ចូរយំអាណិតខ្លួនអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាវិញ។ ដ្បិតនឹងមានគ្រាមកដល់ដែលគេនឹងថា "មានពរហើយ ពួកស្ត្រីអារ និងផ្ទៃណាដែលមិនបង្កើតកូន ហើយដោះដែលមិនបំបៅកូន"។ នៅគ្រានោះ គេនឹងចាប់ផ្តើមនិយាយទៅភ្នំធំថា "សូមរលំមកលើយើងមក!" ហើយទៅភ្នំតូចថា "សូមគ្របមកលើយើងមក!" ដ្បិតបើគេធ្វើដូច្នេះដល់ដើមឈើស្រស់ទៅហើយ ចុះទម្រាំបើដើមឈើស្ងួតវិញ នោះតើនឹងមានអ្វីកើតឡើងទៅ?»។ គេក៏នាំឧក្រិដ្ឋជនពីរនាក់ ទៅសម្លាប់ជាមួយព្រះអង្គដែរ។ ពេលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៍ក្បាល គេឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងអ្នកទោសផង ម្នាក់ខាងស្តាំ ម្នាក់ទៀតខាងឆ្វេងព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។ ឯប្រជាជនដែលឈរមើល និងពួកនាម៉ឺន ក៏បន្តុះបង្អាប់ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សផ្សេងទៀត បើគាត់ជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ»។ ពួកទាហានក៏បង្អាប់ព្រះអង្គដែរ ហើយគេយកទឹកខ្មេះ ទៅថ្វាយព្រះអង្គសោយ ដោយនិយាយថា៖ «បើអ្នកជាស្តេចសាសន៍យូដាមែន ចូរសង្គ្រោះខ្លួនឯងទៅ!»។ នៅពីលើព្រះអង្គ មានអក្សរជាភាសាក្រិក ឡាតាំង និងហេព្រើរថា៖ «នេះជាស្តេចសាសន៍យូដា»។ រីឯអ្នកទោសម្នាក់ដែលជាប់ព្យួរ និយាយប្រមាថព្រះអង្គថា៖ «បើអ្នកជាព្រះគ្រីស្ទពិត ចូរសង្គ្រោះខ្លួនឯង ហើយសង្រ្គោះយើងផង!»។ ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសថា៖ «តើឯងមិនខ្លាចព្រះទេឬ? ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ»។ ពេលនោះ គាត់ទូលព្រះអង្គថា៖ «ព្រះយេស៊ូវអើយ ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមនឹកចាំពីទូលបង្គំផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយខ្ញុំ»។
លូកា 23:27-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!” ។ បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។ គេបាននាំអ្នកទោសពីរនាក់ទៀតមកសម្លាប់ជាមួយព្រះយេស៊ូដែរ។ លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រិស្ត*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រិស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះ អ្នកបានទៅនៅស្ថានបរមសុខ*ជាមួយខ្ញុំ»។
លូកា 23:27-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សដើរតាមទ្រង់ដ៏ណែនណាន់ ក៏មានពួកស្រីៗដែលគក់ដើមទ្រូង ហើយយំទួញផង ព្រះយេស៊ូវទ្រង់ងាកបែរទៅ មានបន្ទូលនឹងពួកស្ត្រីទាំងនោះថា កូនស្រីក្រុងយេរូសាឡិមអើយ កុំយំនឹងខ្ញុំឡើយ ឲ្យយំនឹងខ្លួនអ្នករាល់គ្នា ហើយនឹងកូនចៅរបស់អ្នករាល់គ្នាវិញចុះ ដ្បិតមើល នឹងមានគ្រាមកដល់ ដែលគេនឹងថា មានពរហើយ ពួកស្រីអារ នឹងពោះដែលមិនកើតកូន ហើយដោះដែលមិនបំបៅកូន នៅគ្រានោះ គេនឹងចាប់តាំងនិយាយទៅភ្នំធំថា សូមឲ្យរលំមកលើយើងវិញ ហើយទៅភ្នំតូចថា សូមគ្របមកលើយើងចុះ ព្រោះបើគេធ្វើការទាំងនេះ ដល់ដើមឈើស្រស់ នោះតើនឹងកើតអ្វីដល់ដើមឈើស្ងួតវិញ។ គេក៏នាំចោរកំណាច២នាក់ ទៅសំឡាប់ជាមួយនឹងទ្រង់ដែរ កាលមកដល់កន្លែងដែលហៅថា ភ្នំរលាក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ឯព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោតចាប់ព្រះពស្ត្រទ្រង់ចែកគ្នា ឯបណ្តាជនដែលឈរមើល នឹងពួកនាម៉ឺន ដែលឈរជាមួយ ក៏បន្តុះទ្រង់ថា វាបានជួយសង្គ្រោះមនុស្សឯទៀត បើវាជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យវាជួយសង្គ្រោះខ្លួនវាទៅ ពួកទាហានក៏បង្អាប់ទ្រង់ដែរ ហើយគេយកទឹកខ្មេះ ចូលទៅជិតថ្វាយទ្រង់ ដោយថា បើឯងជាស្តេចសាសន៍យូដាមែន ចូរជួយសង្គ្រោះខ្លួនចុះ ហើយនៅពីលើទ្រង់ មានអក្សរជាភាសាក្រេក ឡាតាំង នឹងហេព្រើរថា «នេះជាស្តេចសាសន៍យូដា»។ រីឯចោរកំណាចម្នាក់ដែលជាប់ព្យួរ វាប្រមាថមើលងាយដល់ទ្រង់ថា បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនឹងយើងផង ប៉ុន្តែម្នាក់ទៀតឆ្លើយបន្ទោសវាថា តើឯងមិនខ្លាចព្រះទេឬអី ដ្បិតឯងក៏ជាប់ទោសដូចគ្នា គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ រួចអ្នកនោះទូលព្រះយេស៊ូវថា ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង ព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ។