លូកា 23

23
ព្រះ‌យេស៊ូវ​នៅ​មុខ​លោក​ពីឡាត់
(ម៉ាថាយ ២៧.១-២, ១១-១៤ ម៉ាកុស ១៥.១-១៥ យ៉ូហាន ១៨.២៨-៣៨)
1មនុស្ស​ទាំង​អស់​ក៏​ក្រោក​ឡើង នាំ​ព្រះយេស៊ូវ​ទៅ​លោក​ពីឡាត់។ 2ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។ 3លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ?» ព្រះ‌អង្គ​ឆ្លើយ​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ»។ 4លោក​ពីឡាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សង្គ្រាជ និង​មហា‌ជន​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ»។ 5ប៉ុន្តែ គេ​នៅ​តែ​និយាយ​ទទូច​ថា៖ «គាត់​ញុះ‌ញង់​ប្រជា‌ជន ដោយ​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលីឡេ រហូត​មក​ដល់​ទី​នេះ»។
6ពេល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលីឡេដូច្នេះ នោះ​លោក​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលីឡេ​ឬ?» 7កាល​លោក​ជ្រាប​ថា ព្រះ‌អង្គ​នៅ​ក្នុង​អំណាច​របស់​ព្រះ​បាទ​ហេរ៉ូឌ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ​បាទ​ហេរ៉ូឌ ដែល​ពេល​នោះ ស្ដេចក៏​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។
8ពេល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ព្រះ‌អង្គ​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ព្រះ‌អង្គ​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ព្រះ‌អង្គ​ធ្វើ​ទី​សម្គាល់​ណា​មួយ។ 9ស្តេច​ទូល​សួរ​ព្រះ‌អង្គ​ជា​ច្រើន ប៉ុន្តែ ព្រះ‌យេស៊ូវ​មិនបាន​ឆ្លើយ​តប​សោះ។ 10ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​នៅ​ទី​នោះ​ដែរ ពួក​គេ​កំពុង​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង។ 11លុះ​ព្រះបាទ​ហេរ៉ូឌ និង​ពួក​ទាហាន បាន​ចំអក​មើល​ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​អាវ​យ៉ាង​វិសេស​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ រួច​បញ្ជូន​ត្រឡប់​ទៅ​លោក​ពីឡាត់​វិញ។ 12នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ និង​ព្រះបាទ​ហេរ៉ូឌ ក៏​ក្លាយ​ជា​មិត្ត​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​ពីរ​ជា​សត្រូវ​នឹង​គ្នា។
លោក​ពីឡាត់​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៧.១៥-២៦ ម៉ាកុស ១៥.៦-១៥ យ៉ូហាន ១៨.៣៩-១៩.១៦)
13លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន និង​ប្រជា‌ជន​ទាំង​អស់​មក​ជួប​ជុំ​គ្នា 14ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​នេះ​មក​ជួប​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ដែល​នាំ​ឲ្យ​ប្រជា‌ជន​វង្វេង តែ​ឥឡូវ​នេះ ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ។ 15សូម្បី​តែ​ព្រះ​បាទ​ហេរ៉ូឌ​ក៏​រក​មិន​ឃើញ​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជួប​ទ្រង់ ហើយ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ។ 16ដូច្នេះ ខ្ញុំ​គ្រាន់​តែ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។ 17[ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ] 18ពួក​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​យក​អ្នក​នេះ​ទៅ ហើយ​លែង​បារ៉ាបាស​ឲ្យ​យើង​វិញ»។ 19(ឯ​បារ៉ាបាស​នេះ គាត់​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​បង្ករ​នៅ​ក្នុង​ទី​ក្រុង និង​សម្លាប់​គេ)។ 20លោក​ពីឡាត់​ចង់​លែង​ព្រះ‌យេស៊ូវ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត។ 21ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​វា ឆ្កាង​វា​ទៅ»។ 22លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គម្រប់​បី​ដង​ថា៖ «តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ឡើយ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​គាត់​ទៅ»។ 23ប៉ុន្តែ គេ​ស្រែក​ទទូច​កាន់​តែ​ខ្លាំង ទាំង​សុំ​ឲ្យ​ឆ្កាង​ព្រះ‌អង្គ ហើយ​សម្រែក​របស់​អ្នក​ទាំង​នោះ និង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ។ 24លោក​ពីឡាត់​ក៏​សម្រេច​តាម​ការ​ទាម​ទារ​របស់​គេ។ 25លោក​ក៏​ដោះ​លែង​អ្នក​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ និង​ការ​សម្លាប់​មនុស្ស​នោះ ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ឲ្យ តាម​ចិត្ត​ប្រាថ្នារបស់​គេ។
គេ​ឆ្កាង​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៧.៣២-៤៤ ម៉ាកុស ១៥.២១-៣២ យ៉ូហាន ១៩.១៧-២៧)
26ពេល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​បុរស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចម្ការ ហើយ​គេ​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ព្រះ‌អង្គ។ 27មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង។ 28ព្រះ‌យេស៊ូវ​ងាក​បែរ​ទៅ មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ស្ត្រី​ទាំង​នោះ​ថា៖ «កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​អាណិត​ខ្ញុំ​អី ចូរ​យំ​អាណិត​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ។ 29ដ្បិត​នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា "មាន​ពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ណា​ដែល​មិន​បង្កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន"។ 30នៅ​គ្រា​នោះ គេ​នឹង​ចាប់​ផ្តើម​និយាយ​ទៅ​ភ្នំ​ធំ​ថា "សូម​រលំ​មក​លើ​យើងមក!" ហើយ​ទៅ​ភ្នំ​តូច​ថា "សូម​គ្រប​មក​លើ​យើង​មក!" 31ដ្បិត​បើ​គេ​ធ្វើ​ដូច្នេះ​ដល់​ដើម​ឈើ​ស្រស់ទៅ​ហើយ ចុះ​ទម្រាំ​បើ​ដើម​ឈើស្ងួត​វិញ នោះ​តើ​នឹង​មាន​អ្វីកើត​ឡើង​ទៅ?»។
32គេ​ក៏​នាំ​ឧក្រិដ្ឋ​ជន​ពីរ​នាក់ ទៅ​សម្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ 33ពេល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៍​ក្បាល គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ព្រម​ទាំង​អ្នក​ទោស​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ទៀត​ខាង​ឆ្វេង​ព្រះ‌អង្គ។ 34ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី​ទេ»។ គេ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។ 35ឯ​ប្រជា‌ជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ក៏​បន្តុះ​បង្អាប់​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ផ្សេង​ទៀត បើ​គាត់​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ»។ 36ពួក​ទាហាន​ក៏​បង្អាប់​ព្រះ‌អង្គ​ដែរ ហើយ​គេ​យក​ទឹក​ខ្មេះ ទៅ​ថ្វាយ​ព្រះ‌អង្គ​សោយ 37ដោយ​និយាយ​ថា៖ «បើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ 38នៅ​ពី​លើ​ព្រះ‌អង្គ មាន​អក្សរ​ជា​ភាសា​ក្រិក ឡាតាំង និង​ហេព្រើរ​ថា៖ «នេះ​ជា​ស្តេច​សាសន៍​យូដា»។
39រីឯ​អ្នក​ទោស​ម្នាក់​ដែល​ជាប់​ព្យួរ និយាយ​ប្រមាថ​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​ពិត ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​សង្រ្គោះ​យើង​ផង!»។ 40ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​ថា៖ «តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ? ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា 41គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។ 42ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។ 43ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​ខ្ញុំ»។
ព្រះ‌យេស៊ូវ​ចូល​ទិវង្គត
(ម៉ាថាយ ២៧.៤៥-៥៦ ម៉ាកុស ១៥.៣៣-៤១ យ៉ូហាន ១៩.២៨-៣០)
44ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​មាន​ងងឹត គ្រប​ពេញ​លើ​ផែនដី រហូត​ដល់​ម៉ោង​បី​រសៀល 45ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ជា​ពីរ ចំ​ពាក់​កណ្តាល។ 46ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល​បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ​វិញ»។ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ‌អង្គ​ក៏​ផុត​ដង្ហើម​ទៅ។
47ពេល​មេ​ទ័ព​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង លោក​ក៏​សរសើរ​តម្កើង​ព្រះ ហើយ​ពោល​ថា៖ «មនុស្ស​នេះ​ពិត​ជា​សុចរិត​មែន»។ 48ឯ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ ក្រោយ​ពី​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង​ដូច្នោះ គេ​ក៏​វិល​ទៅ​ផ្ទះ​វិញ ទាំង​គក់​ទ្រូង។ 49ឯ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ និង​ពួក​ស្រ្តី​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចម្ងាយ។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៧.៥៧-៦១ ម៉ាកុស ១៥.៤២-៤៧ យ៉ូហាន ១៩.៣៨-៤២)
50មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​មនុស្ស​ល្អ ហើយ​សុចរិត គាត់​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ប្រឹក្សា។ 51លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​ពួក​គេ​ទេ លោក​មក​ពី​ក្រុង​អើរី‌ម៉ាថេ ជា​ក្រុង​របស់​សាសន៍​យូដា ហើយ​លោក​កំពុង​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ។ 52លោក​ទៅ​ជួប​លោក​ពីឡាត់ ដើម្បី​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ។ 53ពេល​យក​ព្រះ‌សព​ចុះ​មក​បាន​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​គេ​ដាប់​ក្នុង​ថ្ម ហើយ​មិន​ទាន់​មាន​បញ្ចុះ​សព​ណា​នៅ​ឡើយ។ 54ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​សប្ប័ទ​ហើយ។
55ពួក​ស្រ្តី​ដែល​មក​ពី​ស្រុក​កាលីឡេ​ជា​មួយ​ព្រះ‌អង្គ ក៏​តាម​ទៅ​ឃើញ​ផ្នូរ និង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ​ដែរ។ 56បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​សប្ប័ទ តាម​ព្រះឱវាទ។

ទើបបានជ្រើសរើសហើយ៖

លូកា 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ