លូកា 23:1-25
លូកា 23:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សទាំងអស់ក៏ក្រោកឡើង នាំព្រះយេស៊ូវទៅលោកពីឡាត់។ ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។ លោកពីឡាត់ក៏ពិចារណាសួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាមែនឬ?» ព្រះអង្គឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ លោកពីឡាត់ក៏មានប្រសាសន៍ទៅកាន់ពួកសង្គ្រាជ និងមហាជនថា៖ «ខ្ញុំមិនឃើញថាមនុស្សនេះមានទោសអ្វីសោះ»។ ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។ ពេលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេដូច្នេះ នោះលោកសួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?» កាលលោកជ្រាបថា ព្រះអង្គនៅក្នុងអំណាចរបស់ព្រះបាទហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូឌ ដែលពេលនោះ ស្ដេចក៏គង់នៅក្រុងយេរូសាឡិមដែរ។ ពេលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញព្រះអង្គជាយូរមកហើយ ព្រោះបានឮរឿងពីព្រះអង្គជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញព្រះអង្គធ្វើទីសម្គាល់ណាមួយ។ ស្តេចទូលសួរព្រះអង្គជាច្រើន ប៉ុន្តែ ព្រះយេស៊ូវមិនបានឆ្លើយតបសោះ។ ពួកសង្គ្រាជ និងពួកអាចារ្យក៏នៅទីនោះដែរ ពួកគេកំពុងចោទប្រកាន់ទ្រង់ជាខ្លាំង។ លុះព្រះបាទហេរ៉ូឌ និងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ គេយកអាវយ៉ាងវិសេសមកបំពាក់ឲ្យព្រះអង្គ រួចបញ្ជូនត្រឡប់ទៅលោកពីឡាត់វិញ។ នៅថ្ងៃនោះ លោកពីឡាត់ និងព្រះបាទហេរ៉ូឌ ក៏ក្លាយជាមិត្តនឹងគ្នា ដ្បិតពីមុន លោកទាំងពីរជាសត្រូវនឹងគ្នា។ លោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងប្រជាជនទាំងអស់មកជួបជុំគ្នា ហើយលោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបាននាំអ្នកនេះមកជួបខ្ញុំ ទុកដូចជាមនុស្សដែលនាំឲ្យប្រជាជនវង្វេង តែឥឡូវនេះ ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី ដូចដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ។ សូម្បីតែព្រះបាទហេរ៉ូឌក៏រកមិនឃើញដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅជួបទ្រង់ ហើយមិនឃើញថាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ។ ដូច្នេះ ខ្ញុំគ្រាន់តែវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [ដ្បិតនៅបុណ្យនោះ លោកត្រូវលែងអ្នកទោសម្នាក់ឲ្យដល់គេ] ពួកគេស្រែកឡើងព្រមគ្នាថា៖ «សូមយកអ្នកនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ»។ (ឯបារ៉ាបាសនេះ គាត់ជាប់គុកដោយព្រោះការបះបោរ ដែលបង្ករនៅក្នុងទីក្រុង និងសម្លាប់គេ)។ លោកពីឡាត់ចង់លែងព្រះយេស៊ូវ លោកក៏មានប្រសាសន៍ទៅគេម្តងទៀត។ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងវា ឆ្កាងវាទៅ»។ លោកមានប្រសាសន៍ទៅគេជាគម្រប់បីដងថា៖ «តើមនុស្សនេះបានធ្វើអាក្រក់អ្វី? ខ្ញុំមិនឃើញមានហេតុអ្វីគួរឲ្យស្លាប់ឡើយ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងគាត់ទៅ»។ ប៉ុន្តែ គេស្រែកទទូចកាន់តែខ្លាំង ទាំងសុំឲ្យឆ្កាងព្រះអង្គ ហើយសម្រែករបស់អ្នកទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ។ លោកពីឡាត់ក៏សម្រេចតាមការទាមទាររបស់គេ។ លោកក៏ដោះលែងអ្នកដែលជាប់គុក ដោយព្រោះការបះបោរ និងការសម្លាប់មនុស្សនោះ ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវឲ្យ តាមចិត្តប្រាថ្នារបស់គេ។
លូកា 23:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុមប្រឹក្សាជាន់ខ្ពស់*ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។ គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រិស្ត* គឺជាស្ដេច»។ លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ* និងបណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។ លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតស្ដេចចង់ជួបព្រះយេស៊ូតាំងពីយូរយារមកហើយ ព្រោះស្ដេចតែងឮគេនិយាយអំពីព្រះអង្គ ហើយសង្ឃឹមថានឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ ស្ដេចទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ ពួកមហាបូជាចារ្យ* និងពួកអាចារ្យ*ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។ ព្រះបាទហេរ៉ូដ និងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ កាលពីមុន ព្រះបាទហេរ៉ូដ និងលោកពីឡាត ជាសត្រូវនឹងគ្នា។ ប៉ុន្តែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសម្លាញ់នឹងគ្នាវិញ។ លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។ សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាស្ដេចបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។ គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
លូកា 23:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បណ្តាមនុស្សទាំងអស់គ្នា ក៏ក្រោកឡើង នាំទ្រង់ទៅឯលោកពីឡាត់ ចាប់តាំងចោទប្រកាន់ទ្រង់ថា យើងខ្ញុំបានឃើញមនុស្សនេះ នាំបំភាន់សាសន៍យើងឲ្យវង្វេងចេញ ក៏ហាមមិនឲ្យបង់ពន្ធថ្វាយសេសារផង ដោយលើកខ្លួនថាជាព្រះគ្រីស្ទ គឺជាស្តេចដែរ លោកពីឡាត់ក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចសាសន៍យូដាមែនឬអី ទ្រង់ឆ្លើយថា ត្រូវដូចលោកមានប្រសាសន៍ហើយ នោះលោកពីឡាត់មានប្រសាសន៍ដល់ពួកសង្គ្រាជ នឹងបណ្តាមនុស្សថា ខ្ញុំមិនឃើញជាមនុស្សនេះមានទោសអ្វីសោះ ប៉ុន្តែ គេនិយាយទទូចថា វាញុះញង់បណ្តាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ កាលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេ នោះលោកសួរថា មនុស្សនេះជាអ្នកស្រុកកាលីឡេឬអី លុះបានជ្រាបថា ទ្រង់នៅក្នុងអំណាចនៃស្តេចហេរ៉ូឌ នោះលោកក៏បញ្ជូនទ្រង់ទៅឯស្តេចហេរ៉ូឌទៅ ដ្បិតគ្រានោះ ស្តេចគង់នៅក្រុងយេរូសាឡិមដែរ។ កាលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញទ្រង់ជាយូរមកហើយ ព្រោះបានឮរឿងពីទ្រង់ជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញទ្រង់ធ្វើទីសំគាល់ណាមួយ នោះស្តេចមានបន្ទូលសួរទ្រង់ជាច្រើន ប៉ុន្តែ ទ្រង់មិនព្រមឆ្លើយសោះ ឯពួកសង្គ្រាជ នឹងពួកអាចារ្យ គេឈរនៅទីនោះកំពុងតែចោទប្រកាន់ទ្រង់ជាខ្លាំង លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ នៅថ្ងៃនោះ លោកពីឡាត់ នឹងស្តេចហេរ៉ូឌ ក៏បានជានឹងគ្នា ដ្បិតពីមុន លោកទាំង២នោះបានទាស់ទែងគ្នា។ កាលលោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន នឹងបណ្តាមនុស្សទាំងអស់មក នោះលោកមានប្រសាសន៍ទៅគេថា អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្តាជនឲ្យវង្វេង តែមើល ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើល ទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ ដ្បិតនៅបុណ្យនោះ លោកត្រូវតែលែងអ្នកទោសម្នាក់ឲ្យដល់គេ តែគេស្រែកឡើងព្រមគ្នាថា សូមយកមនុស្សនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ ឯបារ៉ាបាសនេះ វាជាប់គុកដោយព្រោះការបះបោរ ដែលវាបង្កើតនៅក្នុងទីក្រុង ហើយនឹងការសំឡាប់គេ បានជាលោកពីឡាត់មានប្រសាសន៍ទៅគេម្តងទៀត ដោយចង់លែងព្រះយេស៊ូវវិញ ប៉ុន្តែគេស្រែកឡើងថា ឲ្យឆ្កាងវាៗទៅ លោកមានប្រសាសន៍ទៅគេជាគំរប់៣ដងថា តើមនុស្សនេះបានធ្វើអាក្រក់អ្វី ខ្ញុំមិនឃើញជាមានហេតុអ្វីគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងវាយប្រដៅ រួចលែងវាទៅ តែគេស្រែកទទូចជាខ្លាំង ទាំងសូមឲ្យឆ្កាងទ្រង់វិញ ហើយសំរែករបស់ជនទាំងនោះ នឹងពួកសង្គ្រាជ ក៏បានឈ្នះ លោកពីឡាត់កាត់សំរេចទោសតាមគេសូម រួចលែងអ្នកនោះដែលជាប់គុក ដោយព្រោះការបះបោរ នឹងការសំឡាប់មនុស្ស ឲ្យដល់ពួកគេ តាមគេសូម ហើយប្រគល់ព្រះយេស៊ូវទៅតាមចិត្តគេប្រាថ្នាវិញ។