លូកា 20:9-26
លូកា 20:9-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គចាប់ផ្តើមមានព្រះបន្ទូលទៅបណ្តាជន ជារឿងប្រៀបធៀបនេះថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរក្នុងចម្ការមួយ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចម្ការ រួចក៏ចេញទៅស្រុកមួយផ្សេងទៀត អស់រយៈពេលជាយូរ។ លុះដល់រដូវទុំហើយ គាត់ក៏ចាត់បាវបម្រើទៅជួបពួកអ្នកធ្វើចម្ការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះបានវាយអ្នកបម្រើ ហើយបណ្ដេញគាត់ឲ្យមកវិញដៃទទេ។ បន្ទាប់មក គាត់បានចាត់បាវបម្រើមា្នក់ទៀតឲ្យទៅ តែគេវាយអ្នកបម្រើនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញដៃទទេ។ គាត់ក៏ចាត់អ្នកទីបីឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅ។ ពេលនោះ ម្ចាស់ចម្ការគិតថា "តើត្រូវឲ្យយើងធ្វើដូចម្តេច? យើងនឹងចាត់កូនសម្លាញ់របស់យើងឲ្យទៅទៀត ក្រែងកាលណាគេឃើញ គេមុខជានឹងកោតខ្លាចដល់កូននោះ"។ ប៉ុន្តែ ពេលពួកធ្វើចម្ការបានឃើញ គេរិះគិតគ្នាថា "នេះជាកូនគ្រងមត៌ក ចូរយើងសម្លាប់វាចោលទៅ ដើម្បីឲ្យមត៌កធ្លាក់មកលើយើងវិញ"។ គេក៏បោះគាត់ទៅក្រៅចម្ការ ហើយសម្លាប់ចោល ដូច្នេះ តើម្ចាស់ចម្ការនោះនឹងធ្វើដូចម្តេច? គឺគាត់នឹងមកបំផ្លាញពួកអ្នកធ្វើចម្ការនោះ រួចប្រវាស់ទៅឲ្យអ្នកផ្សេងទៀត»។ ពេលពួកគេបានឮសេចក្តីនោះហើយ គេក៏ទូលថា៖ «សូមកុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះអង្គទតទៅគេ ហើយមានព្រះបន្ទូលថា៖ «សេចក្តីដែលចែងថា "ថ្មដែលពួកជាងសង់ផ្ទះបានបោះចោល បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក" នោះតើមានន័យដូចម្តេច? អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែកខ្ទេចខ្ទី តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ» ។ នៅពេលនោះ ពួកសង្គ្រាជ និងពួកអាចារ្យរកមធ្យោបាយចាប់ព្រះអង្គ ដ្បិតគេដឹងថា ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនោះដាក់គេ តែគេខ្លាចបណ្តាជន។ ពួកគេឃ្លាំមើលព្រះអង្គ ហើយក៏ចាត់ពួកសម្ងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល ហើយចាប់បញ្ជូនព្រះអង្គទៅសាលាក្តី និងក្នុងអំណាចរបស់លោកទេសាភិបាល។ អ្នកទាំងនោះទូលសួរព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ និងបង្រៀនសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ ដូច្នេះ តើគួរឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ?» ដោយព្រះអង្គជ្រាបពីឧបាយកលរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញកាក់មួយដេណារីមកឲ្យខ្ញុំមើល តើរូប និងឈ្មោះនេះជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «សេសារ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះថ្វាយទៅព្រះវិញ»។ គេមិនអាចចាប់ព្រះបន្ទូលព្រះអង្គនៅមុខប្រជាជនទាំងឡាយបានឡើយ ហើយគេមានសេចក្ដីអស្ចារ្យនឹងចម្លើយរបស់ព្រះអង្គ រួចគេក៏នៅស្ងៀម។
លូកា 20:9-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។ ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ? គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ព្រះយេស៊ូទតទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច? អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។ ពេលនោះ ពួកអាចារ្យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។ ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
លូកា 20:9-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏ចាប់តាំងមានបន្ទូលទៅបណ្តាជន ជាពាក្យប្រដូចនេះថា មានបុរសម្នាក់បានដាំចំការទំពាំងបាយជូរ ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចក៏ចេញពីស្រុកនោះទៅជាយូរ លុះដល់រដូវហើយ គាត់ក៏ចាត់បាវទៅឯពួកធ្វើចំការ ដើម្បីឲ្យគេចែកផលទំពាំងបាយជូរមកគាត់ តែពួកអ្នកទាំងនោះ គេវាយបណ្តេញបាវនោះឲ្យមកវិញទទេ គាត់ចាត់បាវ១ទៅទៀត តែគេវាយបាវនោះដែរ ទាំងដៀលត្មះ ហើយបណ្តេញឲ្យមកវិញទទេ គាត់ក៏ចាត់អ្នកទី៣ឲ្យទៅទៀត តែគេវាយអ្នកនោះឲ្យមានរបួស រួចបោះចោលទៅក្រៅទៅ នោះថៅកែចំការគិតថា តើត្រូវឲ្យអញធ្វើដូចម្តេច អញនឹងចាត់កូនសំឡាញ់របស់អញឲ្យទៅទៀត ក្រែងកាលណាគេឃើញ នោះគេនឹងកោតខ្លាចដល់វា តែកាលពួកធ្វើចំការបានឃើញ នោះគេរិះគិតគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចោលទៅ ដើម្បីឲ្យបានមរដកមកយើងវិញ គេក៏បោះទៅក្រៅចំការ ហើយសំឡាប់ចោលទៅ ដូច្នេះ តើថៅកែចំការនោះនឹងធ្វើដូចម្តេច គឺគាត់នឹងមកបំផ្លាញដល់ពួកធ្វើចំការនោះ រួចប្រវាស់ទៅឲ្យអ្នកឯទៀតវិញ កាលបានឮសេចក្ដីនោះហើយ គេក៏ទូលថា សូមកុំឲ្យបានដូច្នោះឡើយ តែទ្រង់ទតទៅគេ មានបន្ទូលថា ឯសេចក្ដីដែលចែងទុកមកថា «ថ្មដែលជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» តើមានន័យដូចម្តេច អស់អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលថ្មនោះធ្លាក់លើ នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ នៅវេលានោះឯង ពួកសង្គ្រាជ នឹងពួកអាចារ្យក៏រកចាប់ទ្រង់ ដ្បិតគេដឹងថា ទ្រង់មានបន្ទូលពាក្យប្រៀបនោះដាក់គេ តែគេនឹកខ្លាចបណ្តាជន។ គេឃ្លាំមើលទ្រង់ ហើយក៏ចាត់ពួកសំងាត់ខ្លះទៅ ដែលធ្វើឫកជាត្រឹមត្រូវ ដើម្បីនឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ប្រយោជន៍នឹងបញ្ជូនទ្រង់ទៅក្នុងកំឡាំង នឹងអំណាចនៃចៅហ្វាយខេត្ត អ្នកទាំងនោះទូលសួរទ្រង់ថា លោកគ្រូ យើងខ្ញុំដឹងថា លោកមានប្រសាសន៍ ហើយបង្រៀន សុទ្ធតែដោយត្រឹមត្រូវទាំងអស់ ហើយលោកមិនយល់មុខអ្នកណាសោះ លោកបង្រៀនពីផ្លូវព្រះ តាមតែសេចក្ដីពិត ដូច្នេះ តើបើកឲ្យយើងខ្ញុំបង់ពន្ធថ្វាយសេសារឬទេ តែទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំដូច្នេះ ចូរបង្ហាញកាក់ធំ១មកឲ្យខ្ញុំមើល តើមានរូប នឹងឈ្មោះនេះ ជារបស់អ្នកណា គេទូលឆ្លើយថា ជារបស់សេសារ នោះទ្រង់មានបន្ទូលថា បើដូច្នេះ ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ ខណនោះ គេចាប់ព្រះបន្ទូលទ្រង់នៅមុខជនទាំងឡាយមិនបាន ហើយក៏ស្ងៀមនៅ ដោយអស្ចារ្យពីចំឡើយរបស់ទ្រង់។