លូកា 20:9-26

លូកា 20:9-26 គកស១៦

ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​បណ្តា‌ជន ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង​បាយ​ជូរ​ក្នុង​ចម្ការ​មួយ ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត អស់​រយៈ​ពេល​ជា​យូរ។ លុះ​ដល់​រដូវ​ទុំ​ហើយ គាត់​ក៏​ចាត់​បាវ​បម្រើ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ឲ្យ​គេ​ចែក​ផល​ទំពាំង​បាយ​ជូរ​មក​គាត់ តែ​ពួក​អ្នក​ទាំង​នោះ​បាន​វាយ​អ្នក​បម្រើ ហើយ​បណ្ដេញ​គាត់​ឲ្យ​មក​វិញ​ដៃ​ទទេ។ បន្ទាប់​មក គាត់​បាន​ចាត់​បាវ​បម្រើ​មា្នក់​ទៀត​ឲ្យ​ទៅ តែ​គេ​វាយ​អ្នក​បម្រើ​នោះ​ដែរ ទាំង​ដៀល‌ត្មះ ហើយ​បណ្តេញ​ឲ្យ​មក​វិញ​ដៃ​ទទេ។ គាត់​ក៏​ចាត់​អ្នក​ទី​បី​ឲ្យ​ទៅ​ទៀត តែ​គេ​វាយ​អ្នក​នោះ​ឲ្យ​មាន​របួស រួច​បោះ​ចោល​ទៅ​ក្រៅ។ ពេល​នោះ ម្ចាស់​ចម្ការ​គិត​ថា "តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច? យើង​នឹង​ចាត់​កូន​សម្លាញ់​របស់​យើង​ឲ្យ​ទៅ​ទៀត ក្រែង​កាល​ណា​គេ​ឃើញ គេ​មុខ​ជា​នឹង​កោត​ខ្លាច​ដល់​កូន​នោះ"។ ប៉ុន្តែ ពេល​ពួក​ធ្វើ​ចម្ការ​បាន​ឃើញ គេ​រិះ​គិត​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក ចូរ​យើង​សម្លាប់​វា​ចោល​ទៅ ដើម្បី​ឲ្យ​មត៌ក​ធ្លាក់​មក​លើ​យើង​វិញ"។ គេ​ក៏​បោះ​គាត់​ទៅ​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល ដូច្នេះ តើ​ម្ចាស់​ចម្ការ​នោះ​នឹង​ធ្វើ​ដូច​ម្តេច? គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។ ព្រះ‌អង្គ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សេចក្តី​ដែល​ចែង​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក" នោះ​តើ​មាន​ន័យ​ដូច​ម្តេច? អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែកខ្ទេច​ខ្ទី តែ​អ្នក​ណា​ដែល​ថ្ម​នោះ​ធ្លាក់​លើ នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ» ។ នៅ​ពេល​នោះ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ដ្បិត​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រឿង​ប្រៀប​ធៀប​នោះ​ដាក់​គេ តែ​គេ​ខ្លាច​បណ្តា‌ជន។ ពួក​គេ​ឃ្លាំ​មើល​ព្រះ‌អង្គ ហើយ​ក៏​ចាត់​ពួក​សម្ងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​សាលា​ក្តី និង​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ ដូច្នេះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» ដោយ​ព្រះ‌អង្គ​ជ្រាប​ពី​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​កាក់​មួយ​ដេណារី​មក​ឲ្យ​ខ្ញុំ​មើល តើ​រូប និង​ឈ្មោះ​នេះ​ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «សេសារ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​មិន​អាច​ចាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ​នៅ​មុខ​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឡើយ ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ រួច​គេ​ក៏​នៅ​ស្ងៀម។

អាន លូកា 20