លូកា 2:7-20
លូកា 2:7-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់ ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយ រុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖ «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ កាលបានឃើញហើយ គេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ ហើយអស់អ្នកដែលបានឮ ក៏មានសេចក្តីអស្ចារ្យនឹងពាក្យដែលពួកគង្វាលបានប្រាប់។ ប៉ុន្តែ ម៉ារារក្សារឿងទាំងនោះ ទាំងត្រិះរិះពិចារណានៅតែក្នុងចិត្តវិញ។ ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។
លូកា 2:7-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។ ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប។ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។ លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារី លោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
លូកា 2:7-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។ រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង គេក៏ទៅជាប្រញាប់ ឃើញម៉ារា នឹងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង កាលបានឃើញហើយ នោះគេក៏រ៉ាយរ៉ាប់រឿង ពីសេចក្ដីដែលទេវតាបានប្រាប់ពីព្រះឱរស ហើយអស់អ្នកណាដែលឮ ក៏មានសេចក្ដីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។