លូកា 2

2
កំណើត​ព្រះ‌យេស៊ូវ
1នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​មួយ​ច្បាប់ ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ជី។ 2ការ​ចុះ​បញ្ជី​មុន​ដំបូង​នេះ ធ្វើ​ឡើង​នៅ​ពេល​លោក​គីរេ‌នាស​ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​ស៊ីរី។ 3មនុស្ស​ទាំង​អស់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដើម្បី​ចុះ​បញ្ជី។ 4រីឯ​យ៉ូសែប ក៏​ធ្វើ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ព្រះ‌បាទ​ដាវីឌ ឈ្មោះ​បេថ្លេហិម ព្រោះ​គាត់​ជា​រាជ‌វង្ស និង​ជា​ព្រះ‌ញាតិ​ព្រះ‌បាទ​ដាវីឌ 5ដើម្បី​ចុះ​បញ្ជី​ជា​មួយ​ម៉ារា ជា​គូ​ដណ្តឹង​ដែល​មាន​គភ៌​នោះ។ 6ពេល​អ្នក​ទាំង​ពីរ​កំពុង​នៅ​ទី​នោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់។ 7នាង​ប្រសូត​បាន​បុត្រា​ច្បង​មក ហើយ​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ផ្ទំ​ក្នុង​ស្នូក​សត្វ ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ទេ។
ទេវតា​ប្រកាស​អំពី​កំណើត​ព្រះ‌យេស៊ូវ​ប្រាប់​ពួក​គង្វាល
8នៅ​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​ដែល​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​តាម​ទី​វាល។ 9ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​មក​ឈរ​ជិត​គេ ហើយ​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់​ក៏​ភ្លឺ​ឆ្វាត់​ជុំ‌វិញ​គេ ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 10ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់ 11ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះ‌សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ព្រះ‌បាទ​ដាវីឌ គឺ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់។ 12 នេះ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌ឱរស​មួយ រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ 13រំពេច​នោះ មាន​ពួក​ពល​បរិវារ​កក‌កុញ​ពី​ស្ថាន‌សួគ៌ នៅ​ជា​មួយ​ទេវតា​នោះ ហើយ​ពោល​សរសើរ​ដល់​ព្រះ​ថា៖ 14«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។
15កាល​ពួក​ទេវតា​បាន​ចេញ​ពី​ពួក​គេ ត្រឡប់​ទៅ​ស្ថាន‌សួគ៌​វិញ​ហើយ នោះ​ពួក​គង្វាល​និយាយ​គ្នា​ថា៖ «ទៅ​យើង​នាំ​គ្នា​ទៅ​បេថ្លេហិម ហើយ​មើល​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​នោះ ដូច​ព្រះ‌អម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង»។ 16ដូច្នេះ គេ​ក៏​ទៅ​ជា​ប្រញាប់ ឃើញ​ម៉ារា និង​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​នៅ​ក្នុង​ស្នូក​សត្វ។ 17កាល​បាន​ឃើញ​ហើយ គេ​ក៏​រៀបរាប់​អំពី​សេចក្តី​ដែល​ទេវតា​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ 18ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ដែល​ពួក​គង្វាល​បាន​ប្រាប់។ 19ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។ 20ឯ​ពួក​គង្វាល​ក៏​វិល​ត្រឡប់​ទៅ​វិញ ទាំង​ថ្វាយ​សិរី​ល្អ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ព្រោះ​គ្រប់​ទាំង​ការ​ដែល​គេ​បាន​ឮ ហើយ​ឃើញ ដូច​ជា​ទេវតា​បាន​ប្រាប់។
ព្រះ‌អង្គ​មាន​នាម​ថា «យេស៊ូវ»
21លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។
ពិធី​ថ្វាយ​ព្រះ‌ឱរស​យេស៊ូវ​នៅ​ក្នុង​ព្រះ‌វិហារ
22លុះ​ដល់​កំណត់ សម្រាប់​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​គេ​ក៏​នាំ​ព្រះ‌ឱរស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ 23 ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ថា៖ «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់» 24ហើយ​គេ​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្តី​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​ពីរ» ។
25នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។ 26ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។ 27ព្រះ‌វិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​ពេល​មាតា‌បិតា​នាំ​ព្រះ​ឱរស​ព្រះ‌យេស៊ូវ​ចូល​មក ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ 28នោះ​គាត់​ក៏​ទទួល​ព្រះ​ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ ដោយ​ពាក្យ​ថា៖
29«ឱ​ព្រះ‌អម្ចាស់​អើយ
ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ
របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត
តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ
30 ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ
31ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​មនុស្ស​ទាំង​អស់
32 ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ
ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។
33រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។ 34ស៊ីម្មាន​ជូន​ពរ​ពួក​គេ ហើយ​និយាយ​ទៅ​កាន់​ម៉ារា ជា​មាតា​ព្រះ‌អង្គ​ថា៖ «មើល៍! បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ និង​សម្រាប់​ជា​ទី​សម្គាល់​ដែល​គេ​នឹង​និយាយ​ប្រឆាំង 35ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។
36មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​ផាញូអែល ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ។ គាត់​ចាស់​ណាស់​ហើយ គាត់​រស់​នៅ​ជា​មួយ​ប្តី​បាន​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពេល​រៀប​ការ 37គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។ 38គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។
ព្រះ‌ឱរស​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​វិញ
39កាល​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​អស់ តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ហើយ ពួក​គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ។ 40ព្រះ‌ឱរស​មាន​វ័យ​ចម្រើន​ឡើង ហើយ​មាន​កម្លាំង​ខ្លាំង ប្រកប​ដោយ​ប្រាជ្ញា​ពោរ‌ពេញ ហើយ​ព្រះ‌គុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ព្រះ‌អង្គ។
ព្រះ‌កុមារ​យេស៊ូវ​នៅ​ក្នុង​ព្រះ‌វិហារ
41ជា​រៀង​រាល់​ឆ្នាំ មាតា‌បិតា​របស់​ព្រះ‌អង្គ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ចូល​រួម​ពិធី​បុណ្យ​រំលង។ 42កាល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​បាន​ដប់​ពីរ​ព្រះ‌វស្សា ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ តាម​ទំនៀម​ទម្លាប់។ 43លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់ ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ ព្រះ‌កុមារ​យេស៊ូវ​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​របស់​ព្រះ‌អង្គ ពុំ​បាន​ដឹង​ទេ 44ដោយ​ស្មាន​ថា ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ គេ​ក៏​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ បន្ទាប់​មក ទើប​ពួក​គាត់​ចាប់​ផ្តើម​សួរ​រក​ព្រះ‌អង្គ ក្នុង​ចំណោម​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា។ 45កាល​រក​មិន​ឃើញ ពួក​គាត់​ក៏​ត្រឡប់​ទៅ​រក​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡិម​វិញ។ 46បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​ពួក​គ្រូ ក្នុង​ព្រះ‌វិហារ កំពុង​ស្តាប់ និង​សួរ​សំណួរ​ដល់​គេ។ 47អស់​អ្នក​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា និង​ចម្លើយ​របស់​ព្រះ‌អង្គ។ 48ពេល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌អង្គ ពួក​គាត់​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល៍! ឪពុក និង​ម្តាយ​របស់​កូន ខំ​ដើរ​រក​កូន​ទាំង​ចិត្ត​ថប់​ព្រួយ​ជា​ខ្លាំង»។ 49ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​លោក​ឪពុក​អ្នក​ម្តាយ​រក​កូន​ធ្វើ​អ្វី? តើ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌វរបិតា​កូន​ទេ​ឬ?» 50តែ​ពួក​គាត់​មិន​យល់​ពី​ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នោះ​ទេ។ 51បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ពួក​គាត់​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​ពួក​គាត់។ ឯ​មាតា​របស់​ព្រះ‌អង្គ បាន​រក្សា​រឿង​ទាំង​នោះ​ទុក​នៅ​ក្នុង​ចិត្ត។
52ព្រះ‌យេស៊ូវ​មាន​វ័យ​ចម្រើន​ឡើង ទាំង​ប្រាជ្ញា និង​កេរ្តិ៍​ឈ្មោះ ហើយ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។

ទើបបានជ្រើសរើសហើយ៖

លូកា 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ