លូកា 2:46-49

លូកា 2:46-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​ពួក​គ្រូ ក្នុង​ព្រះ‌វិហារ កំពុង​ស្តាប់ និង​សួរ​សំណួរ​ដល់​គេ។ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា និង​ចម្លើយ​របស់​ព្រះ‌អង្គ។ ពេល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌អង្គ ពួក​គាត់​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល៍! ឪពុក និង​ម្តាយ​របស់​កូន ខំ​ដើរ​រក​កូន​ទាំង​ចិត្ត​ថប់​ព្រួយ​ជា​ខ្លាំង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​លោក​ឪពុក​អ្នក​ម្តាយ​រក​កូន​ធ្វើ​អ្វី? តើ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌វរបិតា​កូន​ទេ​ឬ?»

ចែក​រំលែក
អាន លូកា 2

លូកា 2:46-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ​នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ​ឆ្លង​របស់​ព្រះអង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។

ចែក​រំលែក
អាន លូកា 2

លូកា 2:46-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​នឹង​សួរ​គេ ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំឡើយ​របស់​ទ្រង់ លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក នឹង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី

ចែក​រំលែក
អាន លូកា 2