លូកា 2:45-52
លូកា 2:45-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលរកមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅរកព្រះអង្គនៅក្រុងយេរូសាឡិមវិញ។ បីថ្ងៃក្រោយមក ពួកគាត់ឃើញព្រះអង្គគង់នៅក្នុងចំណោមពួកគ្រូ ក្នុងព្រះវិហារ កំពុងស្តាប់ និងសួរសំណួរដល់គេ។ អស់អ្នកដែលស្តាប់ព្រះអង្គ ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ ពេលមាតាបិតាបានឃើញព្រះអង្គ ពួកគាត់ក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា៖ «កូនអើយ ហេតុអ្វីបានជាកូនប្រព្រឹត្តនឹងយើងដូច្នេះ? មើល៍! ឪពុក និងម្តាយរបស់កូន ខំដើររកកូនទាំងចិត្តថប់ព្រួយជាខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើលោកឪពុកអ្នកម្តាយរកកូនធ្វើអ្វី? តើមិនជ្រាបថា កូនត្រូវនៅក្នុងព្រះដំណាក់របស់ព្រះវរបិតាកូនទេឬ?» តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។ ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
លូកា 2:45-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ* ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ* កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់អ្នកដែលស្ដាប់ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
លូកា 2:45-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមិនឃើញ នោះក៏ត្រឡប់ទៅរកទ្រង់ឯក្រុងយេរូសាឡិមវិញ លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់ លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក នឹងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ ទ្រង់មានបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង។