លូកា 2:41-52
លូកា 2:41-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ជារៀងរាល់ឆ្នាំ មាតាបិតារបស់ព្រះអង្គតែងតែធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យរំលង។ កាលព្រះអង្គមានព្រះជន្មបានដប់ពីរព្រះវស្សា ពួកគេក៏នាំគ្នាឡើងទៅចូលរួមពិធីបុណ្យ តាមទំនៀមទម្លាប់។ លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ ដោយស្មានថា ព្រះអង្គស្ថិតនៅក្នុងចំណោមអស់អ្នកដែលរួមដំណើរ គេក៏ធ្វើដំណើរអស់រយៈពេលមួយថ្ងៃ បន្ទាប់មក ទើបពួកគាត់ចាប់ផ្តើមសួររកព្រះអង្គ ក្នុងចំណោមញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា។ កាលរកមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅរកព្រះអង្គនៅក្រុងយេរូសាឡិមវិញ។ បីថ្ងៃក្រោយមក ពួកគាត់ឃើញព្រះអង្គគង់នៅក្នុងចំណោមពួកគ្រូ ក្នុងព្រះវិហារ កំពុងស្តាប់ និងសួរសំណួរដល់គេ។ អស់អ្នកដែលស្តាប់ព្រះអង្គ ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ ពេលមាតាបិតាបានឃើញព្រះអង្គ ពួកគាត់ក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា៖ «កូនអើយ ហេតុអ្វីបានជាកូនប្រព្រឹត្តនឹងយើងដូច្នេះ? មើល៍! ឪពុក និងម្តាយរបស់កូន ខំដើររកកូនទាំងចិត្តថប់ព្រួយជាខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើលោកឪពុកអ្នកម្តាយរកកូនធ្វើអ្វី? តើមិនជ្រាបថា កូនត្រូវនៅក្នុងព្រះដំណាក់របស់ព្រះវរបិតាកូនទេឬ?» តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។ ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
លូកា 2:41-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ* ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ* កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់អ្នកដែលស្ដាប់ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
លូកា 2:41-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯមាតាបិតាទ្រង់ តែងតែទៅឯក្រុងយេរូសាឡិម នៅវេលាបុណ្យរំលង រាល់តែឆ្នាំ លុះទ្រង់មានព្រះជន្មបាន១២ឆ្នាំ នោះក៏នាំគ្នាឡើងទៅ តាមទំលាប់បុណ្យ តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប នឹងមាតាទ្រង់ ឥតបានដឹងទេ ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាន នឹងពួកអ្នកដែលស្គាល់គ្នា កាលមិនឃើញ នោះក៏ត្រឡប់ទៅរកទ្រង់ឯក្រុងយេរូសាឡិមវិញ លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់ លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក នឹងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ ទ្រង់មានបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង។