លូកា 2:41-49

លូកា 2:41-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​រៀង​រាល់​ឆ្នាំ មាតា‌បិតា​របស់​ព្រះ‌អង្គ​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ចូល​រួម​ពិធី​បុណ្យ​រំលង។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​បាន​ដប់​ពីរ​ព្រះ‌វស្សា ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ តាម​ទំនៀម​ទម្លាប់។ លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់ ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ ព្រះ‌កុមារ​យេស៊ូវ​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​របស់​ព្រះ‌អង្គ ពុំ​បាន​ដឹង​ទេ ដោយ​ស្មាន​ថា ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ គេ​ក៏​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ បន្ទាប់​មក ទើប​ពួក​គាត់​ចាប់​ផ្តើម​សួរ​រក​ព្រះ‌អង្គ ក្នុង​ចំណោម​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា។ កាល​រក​មិន​ឃើញ ពួក​គាត់​ក៏​ត្រឡប់​ទៅ​រក​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡិម​វិញ។ បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ព្រះ‌អង្គ​គង់​នៅ​ក្នុង​ចំណោម​ពួក​គ្រូ ក្នុង​ព្រះ‌វិហារ កំពុង​ស្តាប់ និង​សួរ​សំណួរ​ដល់​គេ។ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា និង​ចម្លើយ​របស់​ព្រះ‌អង្គ។ ពេល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌អង្គ ពួក​គាត់​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? មើល៍! ឪពុក និង​ម្តាយ​របស់​កូន ខំ​ដើរ​រក​កូន​ទាំង​ចិត្ត​ថប់​ព្រួយ​ជា​ខ្លាំង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​លោក​ឪពុក​អ្នក​ម្តាយ​រក​កូន​ធ្វើ​អ្វី? តើ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌វរបិតា​កូន​ទេ​ឬ?»

ចែក​រំលែក
អាន លូកា 2

លូកា 2:41-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* មាតា‌បិតា​របស់​ព្រះ‌យេស៊ូ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។ លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះអង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។ លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។ គាត់​នឹក​ស្មាន​ថា ព្រះ‌កុមារ​គង់​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​ព្រះ‌កុមារ​ក្នុង​ចំណោម​ញាតិ​មិត្ត​ទាំង​អស់ ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​ព្រះអង្គ​នៅ​ទី​នោះ​ទៀត។ បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។ អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌កុមារ​នឹក​ឆ្ងល់​ពី​ព្រះ‌បន្ទូល​ឆ្លើយ​ឆ្លង​របស់​ព្រះអង្គ ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ។ កាល​មាតា‌បិតា​បាន​ឃើញ​ព្រះ‌កុមារ​ហើយ គាត់​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ មាតា​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ត​ណាស់ ខំ​ដើរ​រក​កូន»។ ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។

ចែក​រំលែក
អាន លូកា 2

លូកា 2:41-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​មាតា‌បិតា​ទ្រង់ តែង‌តែ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នៅ​វេលា​បុណ្យ​រំលង រាល់​តែ​ឆ្នាំ លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប នឹង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ ស្មាន​ថា ទ្រង់​គង់​នៅ​ក្នុង​ពួក​គេ ក៏​ដើរ​ទៅ​បាន​១​ថ្ងៃ ទើប​ចាប់‌ភ្លឹក​សួរ​រក​ទ្រង់ ក្នុង​ពួក​ញាតិ​សន្តាន នឹង​ពួក​អ្នក​ដែល​ស្គាល់​គ្នា កាល​មិន​ឃើញ នោះ​ក៏​ត្រឡប់​ទៅ​រក​ទ្រង់​ឯ​ក្រុង​យេរូ‌សាឡិម​វិញ លុះ​កន្លង​ក្រោយ​មក​៣​ថ្ងៃ នោះ​ទើប​ឃើញ​ទ្រង់​គង់​នៅ​កណ្តាល​ពួក​អាចារ្យ​ក្នុង​ព្រះ‌វិហារ កំពុង​តែ​ស្តាប់ ហើយ​នឹង​សួរ​គេ ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​នឹង​ពាក្យ​ចំឡើយ​របស់​ទ្រង់ លុះ​មាតា‌បិតា​បាន​ឃើញ​ទ្រង់ នោះ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​មាតា​សួរ​ថា កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ មើល ឪពុក​អ្នក នឹង​ម្តាយ បាន​ខំ​ដើរ​រក​អ្នក​ទាំង​ថប់​ព្រួយ ទ្រង់​មាន​បន្ទូល​តប​ថា អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី

ចែក​រំលែក
អាន លូកា 2