លូកា 2:21-33
លូកា 2:21-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។ លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយគេថ្វាយយញ្ញបូជា តាមសេចក្តីដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលកមួយគូ ឬព្រាបជំទើរពីរ» ។ នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖ «ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំនៅមុខមនុស្សទាំងអស់ ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯយ៉ូសែប និងម៉ារា មានសេចក្តីអស្ចារ្យនឹងពាក្យទាំងប៉ុន្មាន ដែលគេនិយាយអំពីព្រះអង្គ។
លូកា 2:21-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ*បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់» ។ អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដែលតម្រូវឲ្យថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ” ។ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ត* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ* លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាម ព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យ ប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដី ដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរសណាស់។
លូកា 2:21-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។ លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចជាមានកត់ទុកមកក្នុងក្រិត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។ នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ឯយ៉ូសែប នឹងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្ដីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់