លូកា 2:1-10
លូកា 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។ ការចុះបញ្ជីមុនដំបូងនេះ ធ្វើឡើងនៅពេលលោកគីរេនាសធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ មនុស្សទាំងអស់ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះបញ្ជី។ រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។ ពេលអ្នកទាំងពីរកំពុងនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់។ នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់
លូកា 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើងក្នុងអំឡុងពេល ដែលលោកគីរេនាសធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិមក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។ ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលុប។
លូកា 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី បញ្ជីមុនដំបូងនោះ បានធ្វើនៅវេលាដែលលោកគីរេនាស ធ្វើជាចៅហ្វាយនៅស្រុកស៊ីរី មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួន ដើម្បីចុះបញ្ជី ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់ ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។ រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា