លូកា 1:8-23
លូកា 1:8-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់លោក គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។ លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។ កូននោះនឹងបង្វែរកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។ សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។ មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។ កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។
លូកា 1:8-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអម្ចាស់»។ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។
លូកា 1:8-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូប ឲ្យលោកឃើញ កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច ប៉ុន្តែទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន» លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់ សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។ ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ