លូកា 1

1
បុព្វ‌កថា
1មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង ពី​អស់​ទាំង​ការ​ដែល​បាន​សម្រេច​នៅ​ក្នុង​ចំណោម​យើង 2ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​ផ្សាយ​ព្រះ‌បន្ទូល 3ហេតុ​នោះ បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​តាម​លំដាប់​ផ្ញើ​មក​ជូន​លោក ឱ​ព្រះ‌តេជ‌គុណ​ថេវភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ 4ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្តី​ពិត​នៃ​អស់​ទាំង​សេចក្តី​ដែល​គេ​បាន​បង្រៀន​លោក។
ការ​ប្រកាស​អំពី​កំណើត​របស់​លោក​យ៉ូហាន-បាទីស្ទ
5ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន 6អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។ 7លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។
8កាល​លោក​កំពុង​បម្រើ​ការ‌ងារ​ជា​សង្ឃ​នៅ​ចំពោះ​ព្រះ តាម​វេន​របស់​លោក 9គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​សង្ឃ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ 10ពេល​លោក​ដុត​គ្រឿង​ក្រអូប បណ្តា​ជន​ទាំង​អស់​នៅ​ខាង​ក្រៅ កំពុង​តែ​អធិស្ឋាន។ 11ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​លេច​ឲ្យ​លោក​ឃើញ ឈរ​ខាង​ស្តាំ​អាសនា​គ្រឿង​ក្រអូប។ 12ពេល​សាការី​ឃើញ​ទេវតា លោក​ក៏​ភាន់‌ភាំង ហើយ​មាន​ចិត្ត​ភ័យ​ខ្លាច។ 13ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។ 14លោក​នឹង​មាន​ចិត្ត​រីក‌រាយ និង​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អបអរ‌សាទរ​កំណើត​របស់​កូន​នោះ 15ដ្បិត​កូន​នោះ​នឹង​បាន​ជា​ធំ​នៅ​ចំពោះ​ព្រះ‌អម្ចាស់។ កូន​នោះ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ ឬ​គ្រឿង​ស្រវឹង​ទេ កូន​នោះ​នឹង​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ តាំង​ពី​ផ្ទៃ​ម្តាយ​មក ។ 16កូន​នោះ​នឹង​បង្វែរ​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន ឲ្យ​ត្រឡប់​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ​វិញ។ 17កូន​នោះ​នឹង​នាំ​មុខ​ព្រះ‌អង្គ ដោយ​វិញ្ញាណ និង​អំណាច​របស់​លោក​អេលី‌យ៉ា ដើម្បី​បំបែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ពួក​ចចេស​មក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត ហើយ​រៀបចំ​ប្រជា‌រាស្រ្ត​មួយ​ជា​ស្រេច ទុក​សម្រាប់​ព្រះ‌អម្ចាស់» ។ 18សាការី​សួរ​ទេវតា​ថា៖ «តើ​ខ្ញុំ​ដឹង​សេចក្តី​នោះ​ដូច​ម្តេច​បាន? ដ្បិត​ខ្ញុំ​ចាស់​ហើយ ឯ​ប្រពន្ធ​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ 19ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។ 20មើល៍! លោក​នឹង​ត្រូវ​គ និយាយ​មិន​បាន រហូត​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក ព្រោះ​លោក​មិន​បាន​ជឿ​ពាក្យ​ខ្ញុំ ដែល​នឹង​សម្រេច​នៅ​វេលា​កំណត់»។
21ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។ 22កាល​លោក​ចេញ​មក លោក​មិន​អាច​និយាយ​ទៅ​គេ​បាន​ឡើយ ហើយ​គេ​យល់​ថា លោក​ច្បាស់​ជា​បាន​ឃើញ​និមិត្ត​ណា​មួយ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​មិន​ខាន។ លោក​ចេះ​តែ​ធ្វើ​សញ្ញា​ឲ្យ​គេ​ដឹង ហើយ​ក៏​នៅ​តែ​គ​និយាយ​មិន​កើត។ 23លុះ​ពេល​ដែល​លោក​បំពេញ​ការ‌ងារ​ចប់​ហើយ លោក​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ។
24ក្រោយ​មក អេលី‌សាបិត ជា​ប្រពន្ធ​របស់​លោក ក៏​មាន​ផ្ទៃ​ពោះ ហើយ​នាង​លាក់​ខ្លួន​រយៈ​ពេល​ប្រាំ​ខែ ដោយ​ពោល​ថា៖ 25«ព្រះ‌អម្ចាស់​បាន​ប្រោស​ប្រណី​ដល់​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​ទត​មក​ខ្ញុំ ហើយ​បាន​ដោះ​សេចក្តី​ខ្មាស​របស់​ខ្ញុំ ចេញ​ពី​កណ្តាល​មនុស្ស»។
ការ​ប្រកាស​អំពី​កំណើត​ព្រះ‌យេស៊ូវ
26ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ 27ដើម្បី​ជួប​នឹង​ស្ត្រី​ព្រហ្ម‌ចារី​ម្នាក់ ដែល​ជា​គូ​ដណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ព្រះ‌បាទ​ដាវីឌ ហើយ​ស្ត្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។ 28ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។ 29ប៉ុន្តែ នាង​មាន​ចិត្ត​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្តេច។ 30ទេវតា​ពោល​ទៅ​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ 31មើល៍! នាង​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា "យេស៊ូវ"។ 32បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុ​ត" ហើយ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ នឹង​ប្រទាន​រាជ្យ​បល្ល័ង​របស់​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​ថ្វាយ​ដល់​ព្រះ‌អង្គ។ 33ព្រះ‌អង្គ​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប​អស់‌កល្ប​ជា‌និច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​មិន​ផុត​ឡើយ» 34ម៉ារា​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​នេះ​សម្រេច​ទៅ​បាន បើ​ខ្ញុំ​នៅ​ក្រមុំ​ព្រហ្មចារី​ដូច្នេះ?» 35ទេវតា​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​នេះ បុត្រ​ដែល​នឹង​ប្រសូត​មក​នោះ ជា​បុត្រ​បរិសុទ្ធ គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ"។ 36មើល៍! អេលី‌សាបិត ជា​ញាតិ​របស់​នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​នាង​មាន​វ័យ​ចាស់​ហើយ​ដែរ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ។ 37ដ្បិត​គ្មាន​ការ​អ្វី​ដែល​ព្រះ​ធ្វើ​ពុំ​បាន​នោះ​ឡើយ»។ 38ម៉ារា​ពោល​ថា៖ «មើល៍! ខ្ញុំ​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ សូម​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។ បន្ទាប់​មក ទេវតា​ក៏​ចេញ​ពី​នាង​ទៅ។
នាង​ម៉ារា​ទៅ​សួរ​សុខ​ទុក្ខ​នាង​អេលី‌សាបិត
39នៅ​គ្រា​នោះ ម៉ារា​ក្រោក​ឡើង ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើ​ទៅ​ភូមិ​មួយ នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា 40នាង​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ហើយ​ជម្រាប​សួរ​អេលី‌សាបិត។ 41កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បង្រះ​ឡើង ហើយ​អេលី‌សាបិត​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ 42រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ក្នុង​ចំណោម​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ដែរ។ 43ដូច​ម្តេច​ហ្ន៎ បាន​ជា​មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? 44ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។ 45នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន»។
ទំនុក​សរសើរ​របស់​នាង​ម៉ារា
46 ម៉ារា​ពោល​ឡើង​ថា៖
«ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់
47វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ
ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
48ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​សណ្ឋាន
ទន់​ទាប​របស់​អ្នក​បម្រើ​ព្រះ‌អង្គ
មើល​ចុះ ពី​នេះ​ទៅ​មុខ
មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថា
ជា​អ្នក​មាន​ពរ
49ដ្បិត​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បាន​ប្រោស
សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ
ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ។
50ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ
គ្រប់​ជំនាន់​ត​រៀង​ទៅ។
51ទ្រង់​បាន​សម្តែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ព្រម​ទាំង​កម្ចាត់​កម្ចាយ​មនុស្ស​អំនួត
ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ។
52ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក
ហើយ​លើក​មនុស្ស​រាប‌សា​ឡើង
53ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ
តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។
54ព្រះ‌អង្គ​បាន​ជួយ​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដោយ​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
55ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង
គឺ​មក​កាន់​លោក​អ័ប្រា‌ហាំ
និង​ពូជ‌ពង្ស​របស់​លោក​ជា​រៀង​រហូត» ។
56ម៉ារា​បាន​ស្នាក់​នៅ​ជា​មួយ​អេលី‌សាបិតប្រហែល​ជា​បី​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ។
កំណើត​លោក​យ៉ូហាន-បាទីស្ទ
57លុះ​ដល់​ពេល​ដែល​អេលី‌សាបិត​ត្រូវ​សម្រាល​កូន នោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ។ 58អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។
59នៅ​ថ្ងៃ​ទី​ប្រាំ​បី គេ​មក​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ទារក​នោះ ហើយ​គេ​ចង់​ដាក់​ឈ្មោះ​ទារក​នោះ​ថា "សាការី" តាម​ឈ្មោះ​ឪពុក 60តែ​ម្តាយ​និយាយ​ថា៖ «ទេ ត្រូវ​ដាក់​ឈ្មោះ​ថា "យ៉ូហាន" វិញ»។ 61គេ​តប​ទៅ​គាត់​ថា៖ «ក្នុង​ញាតិ​សន្តាន​របស់​អ្នក គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នេះ​ទេ»។ 62គេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក ដោយ​ចង់​ដឹង​ថា​លោក​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ 63លោក​សុំ​ឲ្យ​គេ​យក​ក្តារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា៖ «កូន​នេះ​ឈ្មោះ យ៉ូហាន»។ គេ​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​អស្ចារ្យ។ 64រំពេច​នោះ មាត់​របស់​លោក​ក៏​បើក​ឡើង ហើយ​អណ្តាត​ក៏​រលាស់​បាន រួច​លោក​ចាប់​ផ្តើម​ពោល​សរសើរ​ព្រះ។ 65អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ក៏​មាន​ចិត្ត​កោត​ខ្លាច ហើយ​គេ​និយាយ​រឿង​នេះ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​យូដា។ 66អស់​អ្នក​ដែល​បាន​ឮ ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ពោល​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​នៅ​ជា​មួយ​កូន​នេះ។
សេចក្តី​ទំនាយ​របស់​លោក​សាការី
67ពេល​នោះ សាការី​ជា​ឪពុក​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ថ្លែង​ជា​ទំនាយ​ថា៖
68«សូម​ឲ្យ​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល
បាន​ប្រកប​ដោយ​ព្រះពរ
ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ហើយ​ក៏​បាន​ប្រោស​លោះ​គេ។
69ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ
ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង
ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​ព្រះ‌អង្គ
70ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល
តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ
របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម
71ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​រួច​ពី
ខ្មាំង​សត្រូវ​របស់​យើង និង​រួច​ពី​កណ្តាប់​ដៃ
របស់​អស់​អ្នក​ដែល​ស្អប់​យើង។
72ដើម្បី​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដែល​បាន​សន្យា​ដល់​បុព្វ‌បុរស​របស់​យើង
ហើយ​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ព្រះ‌អង្គ
73គឺ​ជា​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ
ជា​បុព្វ‌បុរស​របស់​យើង​ថា
74ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ
ពួក​ខ្មាំង​សត្រូវ​របស់​យើង
ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ
ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច
75ដោយ​បរិសុទ្ធ និង​សុចរិត
នៅ​ចំពោះ​ព្រះ‌អង្គ អស់​មួយ​ជីវិត​របស់​យើង។
76រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា
ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត
ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់
ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ
77ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
បាន​ស្គាល់​សេចក្តី​សង្គ្រោះ
ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប
78ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង
ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង
79ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត
និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់
ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។
80កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

ទើបបានជ្រើសរើសហើយ៖

លូកា 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ