លូកា 1:5-10

លូកា 1:5-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​ម្នាក់​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។ លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ផង។ កាល​លោក​កំពុង​បម្រើ​ការ‌ងារ​ជា​សង្ឃ​នៅ​ចំពោះ​ព្រះ តាម​វេន​របស់​លោក គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម​ទម្លាប់​របស់​ពួក​សង្ឃ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប បណ្តា​ជន​ទាំង​អស់​នៅ​ខាង​ក្រៅ កំពុង​តែ​អធិស្ឋាន។

ចែក​រំលែក
អាន លូកា 1

លូកា 1:5-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​ដែល​ព្រះ‌បាទ​ហេរ៉ូដ​គ្រង​រាជ្យ​ក្នុង​ស្រុក​យូដា មាន​បូជា‌ចារ្យ*​មួយ​រូប​ឈ្មោះ សាការី ជា​សមាជិក​ក្រុម​បូជា‌ចារ្យ​អប៊ី‌យ៉ា ភរិយា​លោក​ឈ្មោះ​អេលី‌សាបិត កើត​ក្នុង​ត្រកូល​របស់​លោក​មហា​បូជា‌ចារ្យ*​អើរ៉ុន ស្វាមី‌ភរិយា​ទាំង​ពីរ​រូប​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​គាត់​គោរព​តាម​បទ‌បញ្ជា និង​ឱវាទ​របស់​ព្រះ‌អម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។ អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ម្យ៉ាង​ទៀត អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។ ថ្ងៃ​មួយ លោក​សាការី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ តាម​វេន​ក្រុម​របស់​លោក។ គេ​បាន​ជ្រើស​រើស​លោក ដោយ​ចាប់​ឆ្នោត​តាម​ទំនៀម‌ទម្លាប់​របស់​ក្រុម​បូជា‌ចារ្យ ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់។ ពេល​លោក​ដុត​គ្រឿង​ក្រអូប ប្រជា‌ជន​ច្រើន​កុះ‌ករ​នៅ​ខាង​ក្រៅ​កំពុង​អធិស្ឋាន*។

ចែក​រំលែក
អាន លូកា 1

លូកា 1:5-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន អ្នក​ទាំង​២​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ‌ក្រម​នឹង​ច្បាប់​នៃ​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ លោក​គ្មាន​កូន​សោះ ដ្បិត​អេលី‌សាបិត​ជា​ស្ត្រី​អារ ហើយ​ទាំង​ប្ដី​ប្រពន្ធ​ក៏​ចាស់​ណាស់​ផង។ រីឯ​តាម​ទំលាប់​ការ‌ងារ​ពួក​សង្ឃ ដែល​គេ​ចាប់​ឆ្នោត នោះ​ត្រូវ​វេន​ឲ្យ​លោក​ចូល​ទៅ​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់ កាល​កំពុង​តែ​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ នៅ​ចំពោះ​ព្រះ តាម​វេន​លោក ហើយ​បណ្តា​មនុស្ស ដែល​នៅ​ខាង​ក្រៅ​កំពុង​តែ​អធិស្ឋាន នៅ​វេលា​ដុត​គ្រឿង​ក្រអូប

ចែក​រំលែក
អាន លូកា 1