លូកា 1:41-49
លូកា 1:41-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់នាងក៏បង្រះឡើង ហើយអេលីសាបិតក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមពួកស្រីៗ នាងជាស្ត្រីមានពរ និងកូនដែលនៅក្នុងផ្ទៃរបស់នាងដែរ។ ដូចម្តេចហ្ន៎ បានជាមាតាព្រះអម្ចាស់នៃខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលមកនាង នោះនឹងបានសម្រេចជាមិនខាន»។ ម៉ារាពោលឡើងថា៖ «ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះ ជាព្រះសង្គ្រោះរបស់ខ្ញុំ ដ្បិតព្រះអង្គបានទតមើលសណ្ឋាន ទន់ទាបរបស់អ្នកបម្រើព្រះអង្គ មើលចុះ ពីនេះទៅមុខ មនុស្សគ្រប់ជំនាន់នឹងហៅខ្ញុំថា ជាអ្នកមានពរ ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។
លូកា 1:41-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាន»។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
លូកា 1:41-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។ រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថាជាអ្នកមានពរ ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្ដីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ