លូកា 1:26-36

លូកា 1:26-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ព្រហ្ម‌ចារី​ម្នាក់ ដែល​ជា​គូ​ដណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ព្រះ‌បាទ​ដាវីឌ ហើយ​ស្ត្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។ ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។ ប៉ុន្តែ នាង​មាន​ចិត្ត​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្តេច។ ទេវតា​ពោល​ទៅ​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ មើល៍! នាង​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា "យេស៊ូវ"។ បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុ​ត" ហើយ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ នឹង​ប្រទាន​រាជ្យ​បល្ល័ង​របស់​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​ថ្វាយ​ដល់​ព្រះ‌អង្គ។ ព្រះ‌អង្គ​នឹង​សោយ​រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប​អស់‌កល្ប​ជា‌និច្ច ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​មិន​ផុត​ឡើយ» ម៉ារា​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​នេះ​សម្រេច​ទៅ​បាន បើ​ខ្ញុំ​នៅ​ក្រមុំ​ព្រហ្មចារី​ដូច្នេះ?» ទេវតា​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​នេះ បុត្រ​ដែល​នឹង​ប្រសូត​មក​នោះ ជា​បុត្រ​បរិសុទ្ធ គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ"។ មើល៍! អេលី‌សាបិត ជា​ញាតិ​របស់​នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​នាង​មាន​វ័យ​ចាស់​ហើយ​ដែរ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ។

ចែក​រំលែក
អាន លូកា 1

លូកា 1:26-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម ហើយ​គេ​នឹង​ថ្វាយ​ព្រះ‌នាម​ថា “ព្រះ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត”។ ព្រះ‌ជាម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌អយ្យ‌កោ​របស់​ព្រះអង្គ ព្រះអង្គ​នឹង​គ្រង​រាជ្យ​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​អស់‌កល្ប​ជានិច្ច ហើយ​រាជ្យ​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិត‌ស្ថេរ ឥត​មាន​ទី​បញ្ចប់​ឡើយ»។ នាង​ម៉ារី​សួរ​ទៅ​ទេវតា​ថា៖ «តើ​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន បើ​នាង​ខ្ញុំ​មិន​រួម​រស់​ជា​មួយ​បុរស​ណា​ផង​ដូច្នេះ?»។ ទេវតា*​ឆ្លើយ​ទៅ​នាង​វិញ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​នឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធា‌នុភាព​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះ‌នាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា “ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”។ ម្យ៉ាង​ទៀត នាង​អេលី‌សាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី‌ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏​ដោយ

ចែក​រំលែក
អាន លូកា 1

លូកា 1:26-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» បុត្រ​នោះ​នឹង​បាន​ជា​ធំ​ឧត្តម ហើយ​គេ​នឹង​ហៅ​ទ្រង់ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ ទ្រង់​នឹង​សោយ‌រាជ្យ​លើ​ពួក​វង្ស​របស់​យ៉ាកុប នៅ​អស់‌កល្ប​រៀង​ទៅ ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ផុត​ឡើយ តែ​ម៉ារា​សួរ​ទេវតា​ថា ខ្ញុំ​មិន​ស្គាល់​ប្រុស​ណា​ផង ដូច្នេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សំរេច​បាន ទេវតា​ក៏​ឆ្លើយ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​ដូច្នេះ បុត្រ​បរិសុទ្ធ​ដែល​នឹង​ប្រសូត​មក​នោះ ត្រូវ​ហៅ​ថា​ជា​ព្រះ‌រាជ​បុត្រា​នៃ​ព្រះ មើល ឥឡូវ អេលី‌សាបិត ជា​ញាតិ​នាង ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​ចាស់​ហើយ​ដែរ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ជា​ស្ត្រី​អារ នោះ​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​មក​ហើយ

ចែក​រំលែក
អាន លូកា 1