លូកា 1:22-28
លូកា 1:22-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។ ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។ ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។ ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។
លូកា 1:22-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះ យ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។
លូកា 1:22-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។ កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត