លូកា 1:18-25
លូកា 1:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។ មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។ កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។ ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
លូកា 1:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
លូកា 1:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។ ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។