លេវីវិន័យ 26:14-21
លេវីវិន័យ 26:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តិរបស់យើងទាំងនេះ ដោយមើលងាយដល់អស់ទាំងច្បាប់របស់យើង ហើយខ្ពើមក្រឹត្យក្រមរបស់យើង មិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺអ្នកផ្តាច់សេចក្ដីសញ្ញារបស់យើងចេញ។ នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើអ្នករាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនាំឲ្យមានចិត្តវេទនា អ្នករាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ។ យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា នោះអ្នកនឹងចាញ់ពួកខ្មាំងសត្រូវ អស់អ្នកដែលស្អប់អ្នក គេនឹងត្រួតត្រាលើអ្នក ហើយអ្នកនឹងរត់ទៅដោយឥតមានអ្នកណាដេញតាមផង។ បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ យើងនឹងបំបាត់សេចក្ដីអំនួតដែលអ្នកអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើអ្នកប្រែទៅដូចជាដែក ហើយដីរបស់អ្នកដូចជាលង្ហិន។ អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។
លេវីវិន័យ 26:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជម្នះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។ ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។ អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។ ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។
លេវីវិន័យ 26:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តរបស់អញទាំងនេះ ដោយមើលងាយដល់អស់ទាំងច្បាប់អញ ហើយខ្ពើមក្រឹត្យក្រមរបស់អញ ដល់ម៉្លេះបានជាមិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺឯងផ្តាច់សេចក្ដីសញ្ញារបស់អញចេញវិញ នោះអញនឹងប្រព្រឹត្តចំពោះឯងរាល់គ្នាយ៉ាងដូច្នេះ គឺនឹងដំរូវសេចក្ដីស្ញែងខ្លាចមកលើឯងរាល់គ្នា ជាជំងឺរីងរៃ នឹងគ្រុនក្តៅ ដែលនឹងធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនឹងនាំឲ្យមានចិត្តវេទនា ឯងរាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ អញនឹងតាំងមុខទាស់នឹងឯងរាល់គ្នា នោះឯងនឹងចាញ់ពួកខ្មាំងសត្រូវ ពួកអ្នកដែលស្អប់ឯង គេនឹងត្រួតត្រាលើឯង ហើយឯងនឹងរត់ទៅឥតមានអ្នកណាដេញតាមផង។ បើឯងរាល់គ្នានៅតែមិនស្តាប់តាមអញទៀត នោះអញនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង អញនឹងបំបាត់សេចក្ដីអំនួតដែលឯងអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើឯងប្រែទៅដូចជាដែក ហើយដីរបស់ឯងដូចជាលង្ហិន នោះឯងរាល់គ្នានឹងបង្អស់កំឡាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់ឯងនឹងមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ បើឯងរាល់គ្នានៅតែដើរទទឹងនឹងអញ ហើយមិនព្រមស្តាប់តាម នោះអញនឹងនាំឲ្យឯងមានសេចក្ដីវេទនា៧ដងលើសទៅទៀត តាមអំពើបាបរបស់ឯង