លេវីវិន័យ 22:1-16

លេវីវិន័យ 22:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​តង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​អ្នក​រាល់​គ្នា នៅ​តំណ​ត​ទៅ ដែល​ជាប់​មាន​ភាព​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​តង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​យើង​ទៅ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិ‌ភោគ​របស់​បរិសុទ្ធ​ឡើយ រហូត​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​មនុស្ស​ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​អ្នក​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​អ្នក​ណា​ដែល​ភាព​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​ភាព​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​ពាល់​មនុស្ស​យ៉ាង​នោះ នឹង​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​មិន​ត្រូវ​បរិ‌ភោគ​របស់​បរិសុទ្ធ​ឡើយ ទាល់​តែ​បាន​ងូត​ទឹក​ជា​មុន​សិន។ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​បាន​ស្អាត ហើយ​បរិ‌ភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​អ្នក​នោះ។ គេ​មិន​ត្រូវ​បរិ‌ភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។ ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ឡើយ អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​នោះ​ដែរ ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​អ្នក​បម្រើ​មក អ្នក​បម្រើ​នោះ​នឹង​បរិ‌ភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិ‌ភោគ​អាហារ​របស់​សង្ឃ​បាន។ បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្តី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្តី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិ‌ភោគ​ទេ។ បើ​អ្នក​ដទៃ​ណា​បរិ‌ភោគ​អ្វី​ពី​តង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​ផង។ គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​តង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទៅ​ជា​អាប់‌ឱន​ឡើយ នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​អំពើ​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិ‌ភោគ​តង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ»។

ចែក​រំលែក
អាន លេវីវិន័យ 22

លេវីវិន័យ 22:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការៈ​បូជា​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏វិសុទ្ធ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។ ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះ‌ពាល់​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ជា​សក្ការៈ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រូវ​ដក​អ្នក​នោះ​កុំ​ឲ្យ​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជា​ព្រះ‌អម្ចាស់។ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អើរ៉ុន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ មិន​អាច​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះ‌ពាល់​នឹង​មនុស្ស​សៅ‌ហ្មង​ដោយ‌សារ​ពាល់​សាក‌សព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​ដែរ។ អ្នក​ប៉ះ‌ពាល់​សត្វ​លូន​វារ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង ឬ​ប៉ះ‌ពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្ដាល​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។ អ្នក​ប៉ះ‌ពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។ លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។ បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ត្រូវ​ប្រតិបត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង​ស្ដី​អំពី​អាហារ។ យើង​ជា​ព្រះ‌អម្ចាស់​ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ។ មិន​ត្រូវ​ឲ្យ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​បូជា‌ចារ្យ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​ឲ្យ​បូជា‌ចារ្យ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​បូជា‌ចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បម្រើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជា‌ចារ្យ​ដែរ។ កូន​ស្រី​របស់​បូជា‌ចារ្យ ដែល​រៀបការ​ជា​មួយ​អ្នក​មិន​មែន​ជា​បូជា‌ចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏វិសុទ្ធ​ឡើយ។ ប៉ុន្តែ កូន​ស្រី​របស់​បូជា‌ចារ្យ​ដែល​ជា​ស្ត្រី​មេ‌ម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ​គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។ ប្រសិន​បើ​នរណា​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​យក​អាហារ​មក​សង​បូជា‌ចារ្យ ស្រប​តាម​តម្លៃ​តង្វាយ​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។ បូជា‌ចារ្យ​មិន​ត្រូវ​ធ្វើ​ឲ្យ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ ប្រសិន​បើ​បូជា‌ចារ្យ​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ*​ដោយ​មិន​សម‌រម្យ ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ញែក​ពួក​គេ​ឲ្យ​វិសុទ្ធ»។

ចែក​រំលែក
អាន លេវីវិន័យ 22

លេវីវិន័យ 22:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រាប់​ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដល់​អញ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ដែល​ជាប់​មាន​សេចក្ដី​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​អញ​ទៅ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​មនុស្ស​ណា​ដែល​សេចក្ដី​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​ពាល់​មនុស្ស​យ៉ាង​នោះ នឹង​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ងូត​ទឹក​ជា​មុន​សិន រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​នឹង​បាន​ស្អាត ហើយ​នឹង​បរិភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​ផង​អ្នក​នោះ គេ​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​ដែល​សត្វ​អ្វី​បាន​ហែក‌ហួរ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​នោះ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដូច្នេះ​គេ​ត្រូវ​រក្សា​បញ្ញើ​របស់​អញ ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា បរិភោគ​ដង្វាយ​បរិសុទ្ធ​ឡើយ ឯ​អ្នក​ណា​ដែល​ស្នាក់​នៅ​ផ្ទះ​សង្ឃ ឬ​អ្នក​ស៊ី​ឈ្នួល ក៏​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​នោះ​ដែរ ប៉ុន្តែ​បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​បាវ​មក បាវ​នោះ​នឹង​បរិភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិភោគ​អាហារ​របស់​សង្ឃ​បាន បើ​កូន​ស្រី​របស់​សង្ឃ​ណា​បាន​យក​ប្ដី​ជា​អ្នក​ក្រៅ នាង​នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​បរិសុទ្ធ​ដែល​លើក​ថ្វាយ​ចុះ​ឡើង​ទៀត​ឡើយ តែ​បើ​កូន​ស្រី​របស់​សង្ឃ​ណា​ជា​មេម៉ាយ ឬ​ដែល​ប្ដី​លែង​ឥត​មាន​កូន ហើយ​បាន​ត្រឡប់​មក​នៅ​ផ្ទះ​ឪពុក​ខ្លួន ដូច​កាល​នៅ​ក្រមុំ​វិញ នាង​នោះ​នឹង​បរិភោគ​អាហារ​របស់​ឪពុក​បាន តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​បរិភោគ​ទេ បើ​អ្នក​ដទៃ​ណា​បរិភោគ​អ្វី​ពី​ដង្វាយ​បរិសុទ្ធ​ដោយ​ឥត​ដឹង ត្រូវ​ឲ្យ​អ្នក​នោះ​សង​របស់​បរិសុទ្ធ​ដល់​សង្ឃ​វិញ ព្រម​ទាំង​ថែម​១​ភាគ​ក្នុង​៥​ផង គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ដង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទៅ​ជា​អាប់‌ឱន​ឡើយ យ៉ាង​នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិភោគ​ដង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ។

ចែក​រំលែក
អាន លេវីវិន័យ 22