ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ដល់អើរ៉ុន និងពួកកូនលោក ឲ្យគេរក្សាខ្លួនចំពោះតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយសម្រាប់យើង ដើម្បីកុំឲ្យបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់យើងឡើយ យើងនេះជាព្រះយេហូវ៉ា។ ចូរប្រាប់គេថា អ្នកណាក្នុងពូជអ្នករាល់គ្នា នៅតំណតទៅ ដែលជាប់មានភាពមិនស្អាតណា ក៏ចូលមកឯតង្វាយបរិសុទ្ធ ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់ចេញពីមុខយើងទៅ យើងនេះជាព្រះយេហូវ៉ា ប្រសិនបើអ្នកណាម្នាក់ក្នុងពូជអើរ៉ុនកើតឃ្លង់ ឬហូរខ្ទុះ នោះមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ រហូតដល់បានជាស្អាតសិន ឯអ្នកណាដែលពាល់មនុស្សដែលមិនស្អាតដោយសារខ្មោចស្លាប់ ឬអ្នកណាដែលមានទឹកកាមចេញពីខ្លួនមក ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់អ្នកណាដែលភាពមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានភាពមិនស្អាតយ៉ាងណាក៏ដោយ អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ទាល់តែបានងូតទឹកជាមុនសិន។ រួចកាលណាថ្ងៃលិចហើយ នោះទើបបានស្អាត ហើយបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់អ្នកនោះ។ គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ យើងនេះជាព្រះយេហូវ៉ា។ ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់យើង ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ យើងនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។ មិនត្រូវឲ្យអ្នកដទៃណាបរិភោគតង្វាយបរិសុទ្ធឡើយ អ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគតង្វាយបរិសុទ្ធនោះដែរ ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញអ្នកបម្រើមក អ្នកបម្រើនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន។ បើកូនស្រីរបស់សង្ឃណាបានយកប្តីជាអ្នកក្រៅ នាងនោះមិនត្រូវបរិភោគតង្វាយបរិសុទ្ធដែលលើកថ្វាយចុះឡើងទៀតឡើយ តែបើកូនស្រីរបស់សង្ឃណាជាមេម៉ាយ ឬដែលប្តីលែងឥតមានកូន ហើយបានត្រឡប់មកនៅផ្ទះឪពុកខ្លួន ដូចកាលនៅក្រមុំវិញ នាងនោះនឹងបរិភោគអាហាររបស់ឪពុកបាន តែមិនត្រូវឲ្យអ្នកដទៃណាបរិភោគទេ។ បើអ្នកដទៃណាបរិភោគអ្វីពីតង្វាយបរិសុទ្ធដោយឥតដឹង ត្រូវឲ្យអ្នកនោះសងរបស់បរិសុទ្ធដល់សង្ឃវិញ ព្រមទាំងថែមមួយភាគក្នុងប្រាំផង។ គេមិនត្រូវធ្វើឲ្យតង្វាយបរិសុទ្ធរបស់ពួកកូនចៅអ៊ីស្រាអែល ដែលបានថ្វាយដល់ព្រះយេហូវ៉ាទៅជាអាប់ឱនឡើយ នោះជាហេតុនាំឲ្យគេមានអំពើទុច្ចរិត ដែលនាំឲ្យមានទោស ដោយបានបរិភោគតង្វាយបរិសុទ្ធរបស់គេដូច្នេះ ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកចេញជាបរិសុទ្ធ»។
អាន លេវីវិន័យ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 22:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ